ក្រសួងការងារ ៖ នៅសល់ឱកាស ការងារចំនួន ៨២ ៦៧៦កន្លែងទៀត កំពុងរង់ចាំបងប្អូនអតីតពលករ និងអ្នកកំពុងស្វែង រកការងារធ្វើ
ភ្នំពេញ៖ នៅសល់ឱកាសការងារជាង ៨ម៉ឺនកន្លែងបន្ថែមទៀត កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការឱ្យដឹង ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្រសួងការងារ បានឱ្យដឹងកាលពីយប់ថ្ងៃទី១២ ខែធ្នូថា នៅសល់ឱកាសការងារចំនួន ៨២ ៦៧៦កន្លែងបន្ថែមទៀត នៅទូទាំងរាជធានី-ខេត្តទាំង២៥ កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីថៃ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើ។ ការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។

ដើម្បីអាចទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករ ត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចទាក់ទងទៅលេខ ទូរសព្ទ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យក្រសួងជួយ សម្របសម្រួល ស្វែងរកការងារជូន។

ជាមួយគ្នានេះ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានឱ្យដឹងដែរថា មកដល់ពេលនេះ បងប្អូនអតីតពលករត្រឡប់ មកពីប្រទេសថៃចំនួនជាង ៣០ម៉ឺននាក់ហើយ បានទទួលការងារធ្វើ តាមរយៈយន្ដការរបស់ក្រសួង។ ចំណែកឯបងប្អូនអតីតពលករ រាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម៕

