សប្បុរជន សម្រុកនាំយកអំណោយប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ខណៈលោក ឃួង ស្រេង បន្តចាំទទួលដោយផ្ទាល់
ភ្នំពេញ៖ អំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខ ត្រូវបានសាលាដំបូង និងព្រះរាជអាជ្ញារអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមមេធាវី ប្រចាំសាលា រាជធានីភ្នំពេញ , ក្រុមហ៊ុនកាត់ដេរ, អាជ្ញាធរខណ្ឌពោធិសែនជ័យ, ពន្ធនាគារ, ខណ្ឌដង្កោ, ខណ្ឌសែនសុខ , ខណ្ឌច្បារអំពៅហើយបណ្ដាខណ្ឌមួយចំនួនទៀត បន្តនាំយកអំណោយមកជាបន្តបន្ទាប់ ដើម្បីត្រៀមរៀបចំបែងចែក ជូនវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ទៅតាមមណ្ឌលសុវត្ថិភាពនានា ក្រោយពីមានផ្ទុះសង្គ្រាមជាថ្មី ពីក្រុមយោធាថៃ ឈ្លានពានចូលបូរណភាពទឹកដីកម្ពុជា ។

ពិធីប្រគល់ទទួល នាព្រឹកថ្ងៃសៅរ៍ទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ អមដោយអភិបាលរងរាជធានី និងដោយមានការចូលរួម ពីឧត្តមសេនីយ៍ស្នងការនរគបាលរាជធានី និងលោកឧត្តមសេនីយ៍មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

អំណោយដែលទទួលបាននានាឱកាសនេះ មានដូចជា៖ ថវិកា ត្រីខ មី ទឹកបរិសុទ្ធ អង្ក អំបុក ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា ខ្សែចង មួក កន្ទេល នំក្រៀម ឆ្នាំង ភួយ,ទឹកផ្លែឈើនិងទឹកក្រូច ក្រម៉ា អាវជជុះនិងថ្នាំពេទ្យជាដើម។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសាលាដំបូង និងព្រះរាជអាជ្ញារអមសាលាដំបូងរាជធានីភ្នំពេញ, ក្រុមមេធាវី ប្រចាំសាលារាជធានីភ្នំពេញ និងសប្បុរសជននានា ដែលបានចំណាយធនធានចូលរួមឧបត្ថម្ភ តាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំ បែងចែកជូនវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ទៅតាមមណ្ឌលសុវត្ថិភាពនានា ។ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។ ឯ

យោងតាមលោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមម៉ោង ១៨:០០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលនូវការបរិច្ចាគ សរុបជាប្រាក់រៀល ចំនួន២៩៤.៣៩០.៥៥៥រៀល និងប្រាក់ដុល្លារចំនួន ៦៧. ៥៩៩ ដុល្លារ អាមេរិកគ និងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រើនមុខទៀត៕
ដោយ៖ ដារាត់| ដើមអម្ពិល




