ព័ត៌មានជាតិ

សមាគម TAFTAC ៖ ក្រសួងការងារ ពិតជាបានប្រឹងប្រែង ក្នុងការជួយស្វែងរកការងារ ឱ្យបងប្អូនអតីតពលករ

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា TAFTAC បានកត់សម្គាល់ឃើញថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិតជាបានខិតខំប្រឹងប្រែង ក្នុងការស្វែងរកការងារ ជូនបងប្អូនអតីតពលករត្រឡប់មកពីថៃ ក៏ដូចជាបានជួយបំពេញ តម្រូវការកម្លាំងពលកម្ម នៅតាមបណ្ដារោងចក្រនានា ដែលមានការខ្វះខាតច្រើន នាពេលកន្លងមក ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានមានប្រសាសន៍នៅថ្ងៃទី១១ ខែធ្នូថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានលោក​ ហេង សួរ ជារដ្ឋមន្ត្រី និងមន្ត្រីក្រោម ឱវាទពាក់ព័ន្ធពិតជាបានជួយអស់ពីសមត្ថភាព និងប្រកបដោយប្រសិទ្ធភាព ក្នុងការជួយរកការងារ ជូនបងប្អូនអតីតពលករត្រឡប់មកពីថៃ ក៏ដូចជាតម្រូវការកម្លាំង ពលកម្មរបស់រោងចក្រ។

លោកថា ពីមុនយើងធ្លាប់ខ្វះកម្មករខ្លាំង តែពេលនេះបញ្ហានេះ ត្រូវបានដោះស្រាយជាអតិបរមា»។ លោក កាំង ម៉ូនីកា បានឱ្យដឹងដែរថា កន្លងមក សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានចូលរួមក្នុងសកម្មភាពជាច្រើន ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជួយស្វែងរកការងារ ឱ្យបងប្អូនអតីតពលករត្រឡប់មកពីថៃ ជាពិសេសការចូលរួមក្នុងពិព័រណ៍ការងារតាមបណ្តាខេត្តនានា ដោយសមាគមបានផ្សព្វផ្សាយ និងកៀរគរ ឱ្យរោងចក្រជាច្រើនចូលរួម ផងដែរ។

បើតាមអគ្គលេខាធិការរង TAFTAC ដដែល រោងចក្រក្នុងវិស័យកាត់ដេរនៅមានតម្រូវការកម្លាំងពលកម្មបន្ថែមទៀត ខណៈដែលរោងចក្រថ្មី ក៏បាននិងកំពុងបើកដំណើការ និងត្រូវការកម្លាំងពលកម្មជាបន្តបន្ទាប់។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញ នូវវិធានការជាច្រើន ដើម្បីជួយស្វែងរកការងារ ឱ្យបងប្អូនអតីតពលករត្រឡប់មកពីថៃបានធ្វើ ដោយក្នុងនោះក្រសួង បានរៀបចំពិព័រណ៍ការងារ និងវេទិកាការងារជិត ៦០០លើករួចមកហើយ។

គួរឱ្យដឹងថា មកដល់ពេលនេះ បងប្អូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ បានទទួលការងារធ្វើ តាមរយៈយន្ដការរបស់ក្រសួងមានចំនួនជាង ៣០ម៉ឺននាក់ហើយ ។ ចំណែកឯបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅ តាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម។

ក្រសួងការងារ បានឱ្យដឹងថា នាពេលបច្ចុប្បន្ន នៅសល់ឱកាសការងារនៅសល់ជាង ៨ម៉ឺនកន្លែងថែមទៀត កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ដែលឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម៕

To Top