ប្រធានាធិបតីកូរ៉េ បារម្ភ ចំពោះជម្លោះព្រំដែន កម្ពុជា-ថៃ នៅចំពោះមុខទូតកម្ពុជាប្រចាំកូរ៉េ
ភ្នំពេញ ៖ លោក លី ជេម្យ៉ង់ ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញក្តីព្រួយបារម្ភ ចំពោះស្ថានភាពជម្លោះ ប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលបានអូសបន្លាយ រហូតមកដល់ថ្ងៃទី១៣ ធ្នូនេះ ។

ការបង្ហាញក្តីបារម្ភ របស់ប្រធានាធិបតីខាងត្បូងនេះ ក្នុងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានចូលជួបប្រគល់សារតាំង ជូនលោកម លី ជេម្យ៉ង់ ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ជាមួយបណ្តាអង្គទូត មកពីប្រទេសចំនួន ៧ ផ្សេងទៀត នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ។

ប្រធានាធិបតីក៏បានសម្តែងនូវក្តីបារម្ភ ចំពោះជម្លោះប្រដាប់អាវុធ និងភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃក្នុងពេលថ្មីៗនេះ ។ លោកក៏សង្ឃឹមដែរថា ប្រទេសទាំងពីរអាចត្រឡប់មកតុចរចា ដោះស្រាយជម្លោះតាមសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ។

សូមបញ្ជាក់ថា កងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ រហូតមកដល់ព្រឹកថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានសម្រុកបាញ់កាំភ្លើងធំ និងប្រើគ្រាប់បែកចង្កោម នៅភូមិសាស្រ្តប្រាសាទព្រះវិហារ និងគោលដៅសំខាន់ៗ ជាច្រើនទៀត នៅក្នុងខេត្តមួយចំនួន ។ ក្នុងនោះ បានបំផ្លាញសណ្ឋាគារ និងស្ពានមេនៅខេត្តពោធិ៍សាត់យ៉ាងដំណំ៕



