ព័ត៌មានជាតិ

លោក កែវ រ៉េមី ៖ អានុទីន កំពុងដុតកំហឹង កូនចៅខ្មែរគ្រប់ជំនាន់ ក្រោកឈរឡើងតស៊ូ

ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងថា ពាក្យសម្តីរបស់ លោកអានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្រ្តីថៃចាំផ្ទះ បាននិងកំពុងដុតកំហឹង ដល់កូនចៅខ្មែរគ្រប់ជំនាន់ ឲ្យក្រោកឈរឡើងតស៊ូ ដោយមិនខ្លាចបាត់បង់ជីវិត ។

លោក អានុទីន ឆាន់វីរៈគុល បានសរសេរលើបណ្តាញសង្គមផ្ទាល់ខ្លួនថា នឹងបន្តវាយប្រហារ មកលើកម្ពុជាបន្តទៀត ទាល់តែកម្ពុជា លែងទៅជាប្រទេស ដែលមានការគំរាមកំហែង លែងទៅជាប្រទេសគ្រោះថ្នាក់សម្រាប់ថៃ ។

ពាក្យសម្តីនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចាត់ទុកថា ជាពាក្យសម្តីឆ្លុះបញ្ចាំង ពីការគិតរបស់មេដឹកនាំចាំផ្ទះរូបនេះ និងក្រុមរបស់ពួកគេ ចង់ឃើញកម្ពុជាធ្លាក់ខ្លួនជាប្រទេសទន់ខ្សោយ និងក្រីក្រ។ សម្តីបានបង្ហាញថា គឺអានុទីនជាមនុស្សគ្មានមេត្តាធម៌ ជាមនុស្សព្រៃផ្សៃ ជាមនុស្សមិនគោរព និងឲ្យតម្លៃទៅលើជីវិតរបស់មនុស្ស ។

លោកបន្តថា ចំណែកខាងកម្ពុជាវិញ, ធ្លាប់ជាប្រទេសខ្លាំង ធ្លាប់ជាប្រទេសមួយដែលមានភាពចំណាស់ជាងគេក្នុងចំណោមប្រទេសមួយចំនួនតូចនៅអាស៊ី នារាប់សតវត្សរ៍កន្លងមក ។ ចក្រភពខ្មែរ ធ្លាប់មានគុណបំណាច់ និង មានមេត្តាធម៌ឲ្យកុលសម្ព័ន្ធតូចមួយ ធ្វើការដាំដុះនៅជុំវិញក្រុងអង្គរ ដែលសព្វថ្ងៃបានក្លាយជាប្រទេស មួយកំពុងមានអំនួតបង្កើតសត្រូវជុំទិស ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសង្កត់ធ្ងន់ថា សម្តីអានុទីនរូបនេះ បាននិងកំពុងដុតកំហឹងដល់កូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរឡើងតស៊ូ ដោយមិនខ្លាចបាត់បង់ជីវិតក្នុងបុព្វហេតុការពារគ្រួសារ និងទឹកដីពីការឈ្លានពានរបស់សត្រូវប្រវត្តិសាស្ត្រ។ ហេតុដូច្នេះប្រជាជននៃប្រទេសទាំងពីរ គ្មានថ្ងៃអាចរស់នៅក្នុងសន្តិភាពបានទេ។ ដំណោះស្រាយមានតែបញ្ញាវ័ន្តថៃ ប្រជាជនថៃ អាជីវករថៃ និ អ្នកនយោបាយថៃដែលស្រឡាញ់សន្តិភាព មិត្តភាព ស្រឡាញ់ជីវិតមនុស្ស និងការអភិវឌ្ឍ ត្រូវរួបរួមគ្នាជ្រើសរើសមេដឹកនាំដែលមានគុណសម្បត្តិល្អដើម្បីកសាងព្រំដែនសន្តិភាពជាមួយកម្ពុជា រួមគ្នាបង្កើនមិត្តភាព សហប្រត្តិបត្តការ និងការអភិវឌ្ឍយូរអង្វែង។ បើមិនដូច្នេះទេ ការបង្ហូរឈាមនៃប្រជាជននៃប្រទេសទាំងពីរនឹងបន្តហូរគ្មានទីបញ្ចប់ ៕

To Top