ព័ត៌មានជាតិ

ក្រសួងសាធារណការ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍ ត្រង់ចំណុចស្ពានជ័យជំនះ បន្ទាប់ ពី F-16របស់ថៃ ទម្លាក់គ្រាប់បែកផ្ដាច់ស្ពាន

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរណ៍ គ្រប់ប្រភេទនៅត្រង់ចំណុចស្ពានជ័យជំនះ (ស្ពានមេទឹក) តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិសាស្ត្រខេត្តពោធិ៍សាត់។

បើតាមសេចក្ដីជូនដំណឹង នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ចំនួន ២គ្រឿង វាយប្រហារដោយទម្លាក់គ្រាប់បែក ចំនួន ៣គ្រាប់ កាត់ផ្តាច់ស្ពានជ័យជំនះ (ស្ពានមេទឹក) ចំនួន ២ស្ពាន (ស្ពានបេតុងថ្មី និងស្ពានដែកចាស់) តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ដែលទង្វើរបស់យោធាថៃនេះ គឺជាសកម្មភាពរំលោភបំពាន ដោយខុសច្បាប់យ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យជាតិកម្ពុជា និងបានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា។

ក្រសួង ជម្រាបជូនថា ស្ពានជ័យជំនះ (ស្ពានមេទឹក) មានប្រវែង ១៨០ម៉ែត្រ ទទឹងប្រវែង ១០ម៉ែត្រ ត្រូវបានស្ថាបនាជាស្ពាន បេតុងតភ្ជាប់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតនៃស្ទឹងមេទឹក ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ នៃគម្រោងសាងសង់ផ្លូវជាតិលេខ៥៥ ដើម្បីបម្រើដល់ការតភ្ជាប់ និងការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនគ្រប់ប្រភេទ ទៅកាន់គោលដៅនានា។

ទន្ទឹមនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រៀមលក្ខណៈរួចរាល់ និងរង់ចាំការអនុញ្ញាតពី សមរភូមិជួរមុខ ក្នុងការចុះសិក្សាវាយតម្លៃផលប៉ះពាល់ និងការខូចខាត និងធ្វើការជួសជុលឡើងវិញ នៅពេលខាងមុខ ហើយក្រសួងនឹងជូនដំណឹងអំពីការធ្វើចរាចរណ៍ជាប្រក្រតីភាពឡើងវិញក្រោយពី ការជួសជុលបានបញ្ចប់ជាស្ថាពរ៕

To Top