សម្តេចតេជោ ស្នើរាជរដ្ឋាភិបាល ការពារសុវត្ថិភាព ពលរដ្ឋថៃ នៅខ្មែរ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សកាន់អំណាច បានស្នើរាជរដ្ឋាភិបាលកម្ពុជា ជួយការពារសុវត្ថិភាព របស់ប្រជាពលរដ្ឋថៃ ដែលកំពុងមានវត្តមាននៅកម្ពុជា។

សម្តេតេជោ បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាមុននេះបន្តិចថា ប៉ុន្មានថ្ងៃមកនេះ កងទព័ថៃ បានឈ្លានពាន វាយប្រហារ និងសម្លាប់ប្រជាជនកម្ពុជា ដោយគ្មានការរើសមុខ និង រើសទីកន្លែង សូម្បីតែស្ពាន ថ្នល់សាលារៀន វត្តអារាមក៏ពួកគេប្រើកាំភ្លើងធំ និងយន្តហោះវាយបំផ្លាញចោល។ សម្តេចថា ពួកគេបានបាញ់ផ្សែងពុល គ្រាប់បែកចង្កោម ជាច្រើនកន្លែង រាប់ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅ និងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ ។
សម្តេចតេជោបន្តថា ក្នុងសភាពការណ៍បែបនេះ ក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សកាន់អំណាច សម្តេចសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលពិចារណា លើការផ្អាករាល់ការធ្វើដំណើរ របស់ប្រជាជនកម្ពុជា និងប្រជាជនថៃ ឆ្លងកាត់ព្រំដែន ។
សម្តេចប្រធានព្រឹទ្ធសភាបន្ថែមទៀតថា ពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃ ត្រូវបន្តរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ និងពលរដ្ឋថៃ ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា ត្រូវបន្តស្ថិតនៅកម្ពុជា រហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ ។

សម្តេចតជោអះអាងថា វិធានការនេះ គឺដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជា និងប្រជាជនថៃ កុំឲ្យមានគ្រោះថ្នាក់ ពេលធ្វើដំណើរ ពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន ។ ដូច្នេះប្រជាជនកម្ពុជា ដែលកំពុងរស់នៅប្រទេសថៃ និងប្រជាជនថៃ មានការយោគយល់។
ដោយសម្តេចតេជោ បានស្នើរាជរដ្ឋាភិបាលកម្ពុជា ជួយការពារសុវត្ថិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជា កុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើង ឬគ្រាប់បែកឬផ្សែងពុលរបស់ថៃ ៕
