អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ រួមទាំងនាំអំណោយរបស់រដ្ឋ ផ្ដល់ជូនគ្រួសារ វីរកងទ័ព និងពលរដ្ឋភៀសសឹកពីព្រំដែន
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់ជូន គ្រួសារ វីរកងទ័ព ៣គ្រួសារ និងប្រជាពលរដ្ឋភៀសសឹក ៤៣ គ្រួសារ សរុប ៤៦ គ្រួសារ កំពុងស្នាក់នៅក្នុងឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងពេលសំណេះសំណាលនោះ លោកអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ-ធិបតី និងលោកសន្តិបណ្ឌិត នេត សាវឿន ជូនចំពោះ គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង បង្ខំអោយបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន មួយរយ: ដើម្បីជំលៀសខ្លួនចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។

ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អោយយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ហើយត្រូវជួយអន្តរាគមន៍ ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋយើង ក៏ដូចជាវីរ:កងទ័ព និងគ្រួសារ ភៀសសឹក អោយទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។


លោក អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់បងប្ហូនទាំងអស់គ្នា ត្រូវខិតខំថែទាំសុខភាពអោយបានល្អ តាមវិធានអនាម័យ ស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងក្នងរយ:ពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូនផងដែរ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម|រូបភាពដោយ: គីហ្សូណា
