ព័ត៌មានជាតិ

ក្នុងស្មារតីរួម “ខ្មែរតែមួយ” ក្រសួងការងារ ប្រគល់អំណោយ ជូនដល់វីរកងទ័ព និងជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្នុងស្មារតីរួម “ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់តាំងក្រុមការងារនាំយកអំណោយ ទៅប្រគល់ជូនរដ្ឋបាល ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ដូចគ្នានឹងខេត្តឧត្តរមានជ័យដែរ ការបន្តនាំយកជំនួយសប្បុរសធម៌ ជូនដល់រដ្ឋបាលខេត្តនាពេលនេះ គឺសម្រាប់ចាត់ចែងចែកជូនដល់ វីរកងទ័ព ដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និង បងប្អូនជនភៀសសឹក ដែលរងគ្រោះដោយសារ​ សង្គ្រាមឈ្លានពានដ៏ឃោរឃៅ ពីសំណាក់យោធាថៃ ។

អំណោយទាំងអស់នេះ បានមកពីការចូលរួមចំណែកបរិច្ចាគពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ដែលជាការបង្ហាញនូវកម្លាំងសាមគ្គីជាតិដ៏រឹងមាំ។

ក្នុងជំនួយដ៏សន្ធឹកសន្ធាប់នេះ រួមមាន៖ ខ្ទឹមស ចំនួន ៣ តោន, ថ្នាំ Berocca ចំនួន ៥,០០០ ទីប (សម្រាប់ជំនួយសុខភាព) និង ភេសជ្ជៈ ចំនួន ២,០០០ កេស។

អំណោយទាំងនេះ គឺជាការឆ្លើយតបចំពោះការលំបាក និងការខ្វះខាតជាច្រើនដែលកម្ពុជាកំពុងប្រឈមមុខ ដោយសារការវាយប្រហារពីយោធាថៃ។ តាមរយៈការគិតគូរ ចំពោះទុក្ខលំបាករបស់វីរកងទ័ព និងជនភៀសសឹកនេះ លោករដ្ឋមន្ត្រី ហេង សួរ បានបង្ហាញនូវ ស្មារតីជាតិនិយម ស្របតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំប្រទេស និងប្រជាពលរដ្ឋខ្មែរ ដើម្បីរួមគ្នាបន្ធូរបន្ថយបន្ទុកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូននៅតំបន់សមរភូមិមុខ៕

To Top