ព័ត៌មានជាតិ

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាគោរពជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី វង គន្ធារី ឆាយ ឫទ្ធិសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ លោកស្រី ម៉ាត់ ម៉ារ៉ា ប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ព្រមទាំងអនុប្រធាន និងសមាជិកានៃសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាគោរពជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៅគេហដ្ឋានរបស់សម្ដេចស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកា ដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់សមាគមក្នុងនាមជាសមរភូមិក្រោយ រួមគ្នាផ្ដល់ជាកម្លាំងចិត្ត និងគាំទ្រដល់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ។

សូមជម្រាបជូនថា គ្រឿងឧបភោគបរិភោគសម្រាប់ចែកជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងវាយទប់ទល់ជាមួយការឈ្លានពានរបស់ចោរសៀម និងចែកជូនបងប្អូនប្រជាជនភៀសសឹកនៅតាមមណ្ឌលភៀសសឹកផងដែរ រួមមាន អំបុកស្រូវថ្មីច្រកដបចំនួន ១ ១០០ដប បាយក្ដាំងចំនួន ៣៧៥កញ្ចប់ ព្រមទាំងថវិកាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ២០ លានរៀល៕

To Top