ព័ត៌មានជាតិ

ថ្ងៃនេះ ជាខួប៧០ឆ្នាំ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអបអរសាទរខួប៧០ឆ្នាំចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ដល់ថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០២៥ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) ។

អង្គការសហប្រជាជាតិ ជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។

គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។

កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ ។ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ។ ក្នុងនោះកងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៊ីរី សាយប្រឹស ម៉ាលី។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ។ កាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕

To Top