ព័ត៌មានជាតិ

សម្តេចធិបតី៖ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរ នៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រ និងផ្ដល់កម្លាំងចិត្ត ដល់វីរៈកងទ័ព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរ នៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី។

តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាសម្តេចមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំ នៃមហាសាមជាតិខ្មែរ ក្នុងកាលៈទេសៈ ដែលប្រទេសជាតិយើងកំពុងជួបប្រទះ នឹងការលំបាក ដោយសារការឈ្លានពានពីប្រទេសជិតខាង។

ក្នុងនោះសម្តេចធិបតី គូសបញ្ជាក់ថា ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូប ដែលកំពុងឈរជើង បំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

សម្តេចធីបតី ក៏បានសូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរ នៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រ និងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី។

បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថារាជរដ្ឋាភិបាល ស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕

To Top