ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងអភិវឌ្ឍន៍ជនបទ និង សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ប្រគល់សម្ភារប្រើប្រាស់ ភេសជ្ជៈ ថ្នាំពេទ្យ ជូនដល់ជនភៀសសឹក និងគ្រួសារកងទ័ព តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង រួមជាមួយ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ និង សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីប្រគល់សម្ភារប្រើប្រាស់ដូចជា សាប៊ូលាងចាន ចំនួន ៥០០ដប, តង់ ចំនួន ១២៥០តង់, សម្លៀលបំពាក់ ១ ៤០០កេស, ធុងទឹកចំនួន ៧២០ធុង, ថ្នាំពេទ្យ ចំនួន ១៨កេស និង ភេសជ្ជៈចំនួន ១០០កេស,ឃីត ១ ៣២០ឃីត,គ្រឿងឧបភោគបរិភោគ ៤២០កញ្ចប់ ដែលជាជំនួយរបស់សប្បុរសជន ជូនដល់ជនភៀសសឹង ព្រមទាំងគ្រួសារកងទ័ពនៅខេត្តគោលដៅតាមព្រំប្រទល់ជាប់ព្រំដែន កម្ពុជា-ថៃ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលទទួលរងការវាយប្រហារពីកងទ័ពឈ្លានពានសៀម លើបូរណភាពទឹកដីកម្ពុជា។

ក្នុងឱកាសនោះ លោកម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌ របស់លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជា សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ និង សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដែលបានរួមសាមគ្គីគ្នាជាសហថាមពល ក្នុងការជួយគាំទ្រដល់វីរកងកម្លាំងជួរមុខ ក៏ដូចជាបងប្អូនប្រជាជនភៀសសឹក ដែលបង្ហាញពីស្មារតីរួបរួមជាតិតែមួយ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ។

លោករដ្ឋមន្ដ្រី បានមានប្រសាសន៍បន្ដទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រប់ភាគីពាក់ព័ន្ធ បានខិតខំបំពេញភារៈកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីជួយដល់បងប្អូនប្រជាជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានាដូចជាការផ្គត់ផ្គង់ទឹកស្អាត ការផ្តល់ជូនធុងចម្រោះ និងបង្គន់អនាម័យ ដែលសុទ្ធសឹងជាតម្រូវការចាំបាច់របស់បងប្អូនប្រើប្រាស់។ លោករដ្ឋមន្ត្រីក៏បានបន្ថែមទៀតថាក្រសួងអភិវឌ្ឍន៍ជនបទ នៅតែចូលរួមបន្តស្មារតីសប្បុរសធម៌នេះ ដើម្បីចូលរួមគាំទ្រ និងសម្តែងនូវស្មារតីភាតរភាព ព្រមទាំងការលើកទឹកចិត្តចំពោះវីរកងទ័ពជួរមុខកម្ពុជាជានិច្ច និងសូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាដល់ប្រមុខថ្នាក់ដឹកនាំ និងវីរកងទ័ពនៅសមរភូមិមុខ សូមមានសុខភាពល្អ និងទទួលបានជោគជ័យ លើសត្រូវឈ្លានពាន។

សូមជម្រាបជូនថា៖ សម្ភារ ដែលប្រគល់ជូនទៅមណ្ឌលគ្រួសារជនភៀសសឹក តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដែលមានព្រំប្រទល់ជាប់ព្រំដែន កម្ពុជា-ថៃ មានចំនួន ៦ខេត្តរួមមាន ខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ។ កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយអង្គការដៃគូ និងសប្បុរសជននានា បានសហការជាមួយអាជ្ញាធរខេត្តគោលដៅជាប់ព្រំដែនកម្ពុជាថៃ រួមចំណែករៀបចំមណ្ឌលសម្រាប់គ្រួសារជនភៀសសឹក តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យផងដែរ ដើម្បីលើកកម្ពស់ការរស់នៅរបស់គ្រួសារជនភៀសសឹករស់នៅបណ្តោះអាសន្នប្រកបដោយផាសុកភាព៕

To Top