មេសិទ្ធិមនុស្ស ៖ យោធាថៃឈ្លានពានកម្ពុជាលើកទី២ ជាការបំបាក់ជាតិសាសន៍កម្ពុជា
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា យោធាថៃបើកការបាញ់ប្រហារកម្ពុជាជាលើកទី២ ដើម្បីឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា គឺជាការបំបាក់ជាតិសាសន៍កម្ពុជាមិនឲ្យងើបមុខរួចនៅក្នុងក្រសែភ្នែកបរទេស ។

ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ថា សង្រ្គាមលើកទី២នេះ មិនមែនជាការសាកល្បងកម្លាំងដូចសង្គ្រាមលើកទី១នោះទេ ព្រោះសង្រ្គាមលើកទី២នេះ គឺជាការឈ្លានពានទឹកដី ការបំផ្លិចបំផ្លាញ និងជាការបំបាក់ជាតិសាសន៍របស់កម្ពុជាមិនឲ្យងើបមុខរួចនៅក្នុងក្រសែភ្នែកបរទេស។

លោកបន្តថា ចង់បានសន្តិភាពយូរអង្វែងប្រជាពលរដ្ឋកម្ពុជាត្រូវតែខ្លាំងនិងស៊ូនៅពេលនេះ។ បើមិនតស៊ូស្វិតស្វាញ បើមិនខ្លាំង កម្ពុជាមិនអាចទទួលបាននូវសន្តិភាពយូរអង្វែងបានទេ ហើយរឹតតែមិនទទួលបាននូវការសុំចរចាពីខ្មាំងសត្រូវបានដែរ។

ជាមួយនឹងការលើកឡើងបែបនេះ លោកបានស្នើសុំឲ្យប្រជាពលរដ្ឋរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល និងកងទ័ពចេះជួយគ្នាទៅវិញទៅមកតាមលទ្ធភាពរៀងៗខ្លួនដោយកុំមើលបំណាំគ្នា , ត្រូវជៀសវាងការបញ្ចេញសកម្មភាពទាំងឡាយណាដែលធ្វើឲ្យខ្មែរបែកបាក់ , ស្នើរាល់ការវិភាគរបស់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសត្រូវគិតពីការចំណេញ ឬខាតផលប្រយោជន៍ដល់ប្រទេសជាតិ។ ដោយគួរជៀសវាងការវិភាគនូវចំណុចខ្សោយបង្ហាញឲ្យសត្រូវដឹង ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស ក៏បានស្នើឲ្យពលរដ្ឋចេះរាយការណ៍នូវចំណុចគួរឲ្យសង្ស័យនៃចារកម្មយកការណ៍ឲ្យទាហានថៃ។ ក្នុងនោះ អ្នកនយោបាយដែលមាននិន្នាការប្រឆាំងទៅនឹងរាជរដ្ឋាភិបាលគួរពិចារណានូវសកម្មភាពទាំងឡាយណាថា តើសកម្មភាពទាំងនោះ ផ្តល់ចំណេញឲ្យប្រទេសជាតិ និងប្រជាជនខ្លួនឯង ឬជាការជួយដល់សត្រូវ? ៕
