ព័ត៌មានជាតិ

រថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគតាមផ្លូវល្បឿនលឿន ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹក នៅខេត្តកោះកុង ត្រូវលើកលែងកម្រៃសេវា

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការលើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង។

ក្រសួងសាធារណការ បានជូនដំណឹងដល់ក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការមហាជន និងសប្បុរសជនទូទៅទាំងអស់ មានបំណងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ចាំបាច់យកទៅផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង និងត្រូវធ្វើដំណើរតាមផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មេត្តាជ្រាបថា ដើម្បីសម្រួលបន្ទុកចំណាយ និងការធ្វើដំណើរប្រកប ដោយសុវត្ថិភាព ងាយស្រួល និងរហ័ស ក្រសួងបានសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងន័យមនុស្សធម៌ ក្រុមហ៊ុនបានឯកភាពមិនយកកម្រៃសេវាចំពោះរថយន្ត ដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ឧបត្ថម្ភតាមតំបន់ភៀសសឹកនានា។

ទន្ទឹមនេះ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទាំងអស់នេះ សូម ក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការមហាជន និងសប្បុរសជនទូទៅធ្វើការទំនាក់ទំនងមកក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈលេខទូរស័ព្ទ ០១២ ៩៧២ ០២៧ ដើម្បីក្រសួងសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន។ ការលើកលែងកម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះ អនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

To Top