លោក ខូយ រីដា ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ របស់សម្តេចក្រឡាហោម ស ខេង ដើម្បីឧបត្ថម្ភវីរកងទ័ពជួរមុខ និងជនភៀសសឹក
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបរិវេណមុខសាលាខេត្ត បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ពីលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពស់ខ្ពស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន មកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងជួយដល់ជនភៀសសឹក ដែលប៉ះពាល់ដោយសារសង្រ្គាមថៃឈ្លានពាន។

អំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន រួមមាន៖ អង្ករ៥តោន, ទឹកបរិសុទ្ធដបធំ៥០កេស, មី១០០កេស, អំបុក២០០កញ្ចប់, កន្សែងពោះគោ១០០, បន្លែគ្រប់មុខ៤៥០គីឡូក្រាម, នំបារាំង១០០ដុំ, នំសាំងវ៉ិចគៀប៥កេសធំ និងនំដំឡូងបង្គាស្រស់៥កេសធំ។ បន្ថែមពីនោះ ក៏មានអំណោយរបស់ក្រុមអតីតសិស្សសាលាកម្រិតសិក្សាកម្រិត២ ឆ្នាំសិក្សា ១៩៧៩-១៩៨២ រួមមាន៖ អង្ក១០តោន, មីជាតិ១០០កេស, ទឹកស៊ីអ៊ីវ៥០យួរ, ទឹកត្រី៥០យួរ ,ត្រីខ១៥០ដុំ, តង់ធំ៣០, កន្ទេលល្អ៥០, ឆៃពៅប្រៃ៥០០គីឡូក្រាម, ត្រីងៀត៣០គីឡូក្រាម, ត្រីឆ្អើរ៥០ក្រាស់, ផ្អក៧០គីឡូក្រាម, អង្រឹង៥០, ពងទាសាបឆ្អិន១ពាន់គ្រាប់, ពងទាប្រៃឆ្អិន១ពាន់គ្រាប់ និងអំបុក២៧០គីឡូ។








អត្ថបទនេះ÷រដ្ឋបាលខេត្តពោធិ៍សាត់
