ព័ត៌មានជាតិ

កម្ពុជាមិនបានជ្រៀតចូលខេត្តត្រាត និងព្យាយាមប៉ុនប៉ងបំផ្លាញទីតាំងយោធាថៃទេ

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា កងទ័ពខ្មែរមិនបានជ្រៀតចូលខេត្តត្រាត និងព្យាយាមប៉ុនប៉ងបំផ្លាញទីតាំងយោធាថៃទេដូចការចោទប្រកាន់នោះទេ។

ការលើកឡើងរបស់ក្រសួងការពារជាតិនេះ បន្ទាប់ពីឃើញការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពជើងទឹកថៃ និងបណ្តាផេកមួយចំនួនដែលបានផ្សព្វផ្សាយចោទប្រកាន់ លាបពណ៌កងទ័ពកម្ពុជាថា «កម្ពុជាបានជ្រៀតចូលខេត្តត្រាត ហើយកំពុងព្យាយាមប៉ុនប៉ងបំផ្លាញទីតាំងយោធា និងភ្នាក់ងាររដ្ឋបាលក្នុងខេត្តត្រាត»។

ករណីនេះ ក្រសួងការពារជាតិទាត់ចោលនូវខ្លឹមសារដែលបានចុះផ្សាយខាងលើនេះ និងអះអាងថាជាព័ត៌មានប្រឌិត ក្លែងក្លាយ។

កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពី ការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេសបង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើកម្ពុជាប៉ុណ្ណោះ៕

To Top