របាយការណ៍សង្ខេប របស់យោធាថៃ បង្កើនបាញ់ប្រហារ លើទីតាំងសំខាន់ៗ នៅកម្ពុជា ព្រឹកនេះ
ភ្នំពេញ ៖ ក្រសួងការពារជាតិ បង្ហាញរបាយការណ៍សង្ខេបស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង៩និង១៨នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។
- ម៉ោង ៤:៣០នាទីទៀបភ្លឺ យោធាថៃ បានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំ គ្រប់ធន់ចូលភូមិសាស្ត្រអូរស្មាច់។
- ម៉ោង ៤:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទខ្នារ ។
- ម៉ោង ៥:៤០នាទី យោធាថៃបានចល័តរថក្រោះ នៅភូមិសាស្ត្រជប់អង្គុញ និងបានបាញ់ផ្លោង ចូលភូមិសាស្ត្រប្រាសាទតាមាន់ធំ។
- ម៉ោង ៥:៤៥នាទី យោធាថៃ បានបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូន។
- ម៉ោង ៥:៥០នាទី យោធាថៃ បានបាញ់ផ្លោងកាំភ្លើងធំ ចូលភូមិសាស្ត្រប្រាសាទតាក្របី។
- ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រក្រុងសំរោង តំបន់ប្រជាពលស៊ីវិល។
- ចាប់ពីវេលាម៉ោង ៧:៣៥នាទីព្រឹក មកដល់ត្រឹមវេលាម៉ោង ៨:៣០នាទីព្រឹកនេះ យោធាថៃបានបន្ត បាញ់ផ្លោងចូលតំបន់អានសេះ និងបានបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ គ្រាប់បែកចង្កោម ដ្រូនទម្លាក់គ្រាប់បែកយ៉ាងខ្លាំង នៅភូមិសាស្រ្តប្រាសាទតាមាន់ ប្រាសាទតាមក្របី និងប្រាសាទខ្នារ។
- ម៉ោង ៩:១៨នាទី យោធាថៃ ចាប់ផ្តើមបាញ់ប្រហារ ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
ចំពោះស្ថានការណ៍ នៅក្នុងភូមិសាស្រ្តផ្សេងទៀត មានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕
