ក្រសួងការងារ ផ្តល់ទីតាំង២កន្លែង សម្រាប់រៀបចំប្រមូលសម្ភារៈ ជួយដល់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានជូនដំណឹងពីការផ្តល់ទីតាំងចំនួន ២កន្លែងជូនដល់សាធារណជន ជាពិសេស យុជន ដែលកំពុងស្វែងរកទីតាំង សម្រាប់រៀបចំប្រមូលសម្ភារៈ ដើម្បីទទួលជំនួយសប្បុរសធម៌ សម្រាប់គាំទ្រដល់វីរកងទ័ពជួរមុខ និងបងប្អូនប្រជាជនភៀសសឹក ដែលរងគ្រោះ ដោយសារសង្រ្គាមឈ្លាន ពានដ៏ឃោរឃៅ ពីសំណាក់យោធាថៃ។
តាមសេចក្តីជូនដំណឹងក្រសួងការងារបញ្ជាក់ថា ទីតាំងទាំង ២កន្លែងរួមមាន៖ ទី១.នៅសាលប្រជុំនៃអគារអង្គរវត្ត ក្នុងបរិវេណវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលមានអាសយដ្ឋាន នៅមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី២ នៅបរិវេណវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានអាសយដ្ឋាន ស្ថិតក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងសេចក្តីជូនដំណឹងដដែល ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់បន្ថែមថា សម្រាប់ព័ត៌មានលម្អិត សាធារណជន និងយុវជនទំាងអស់អាចទំនាក់ទំនងមកកាន់ក្រុមការងារ « ខ្មែរតែមួយ បេះដូងតែមួយ » (ONEHEART TEAM) តាមរយៈទូរសព្ទលេខ ០១៧ ៩៨៥ ៨៧៧/០៦៦ ២០៣ ៦៨៩/ ០៩៧ ៣៧៣ ៨២៣៣ ៕

