ព័ត៌មានជាតិ

សហគមន៍ខ្មែរ នៅកូរ៉េខាងត្បូងជាង ២ពាន់នាក់ ប្រមូលផ្តុំគ្នា ធ្វើបាតុកម្មសម្តែងមតិថ្កោលទោស ការឈ្លានពានយ៉ាង សាហាវព្រៃផ្សៃ របស់កងទ័ពថៃ មកលើដែនអធិបតេយ្យកម្ពុជា

កូរ៉េខាងត្បូង ៖ សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នារៀបចំធ្វើបាតុកម្ម សម្តែងមតិ នៅទីតាំង ចំនួន ២ ផ្សេងគ្នា ដើម្បីថ្កោលទោសការឈ្លានពាន យ៉ាងសាហាវព្រៃផ្សៃ ពីសំណាក់កងទ័ពថៃ មកលើដែន អធិបតេយ្យកម្ពុជា។

សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េបានឱ្យដឹថា ទីតាំងសម្តែងមតិថ្កោលទោសទាំង ២កន្លែងនោះ ទី១ នៅទីក្រុងសេអ៊ូល ដែលមានអ្នកចូលរួមចំនួនប្រមាណជាង ៣០០នាក់ បានចាប់ផ្តើមនៅម៉ោង ១១ព្រឹក នៅស្ថានីយ៍រថភ្លើង Noksapyeong និងបានធ្វើការដង្ហែក្បួនចំងាយ ៧០០ម៉ែត្រ និងឈប់នៅចំងាយ៥០០ម៉ែត្រពីស្ថានទូតថៃ។ ជាមួយគ្នានោះ ក៏មានតំណាង ៥នាក់បាននាំយកញត្តិទៅដាក់នៅស្ថានទូតថៃផងដែរ។ ចំណែកទីតាំងទី២ នៅទីក្រុងក្វាងជូធំ ដែលមានអ្នកចូលរួមចំនួន ប្រមាណជាង ២ ០០០នាក់ បានចាប់ផ្តើមនៅម៉ោង១១ព្រឹកដល់ម៉ោង ២ និង៣០នាទីរសៀល (ម៉ោងនៅកម្ពុជា) ។

សហគមន៍ខ្មែរដែលកំពុងរស់នៅ និង ធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង រួមគ្នាទាមទារឱ្យយោធាថៃបញ្ឈប់ ជាបន្ទាន់នូវទង្វើដ៏គឃ្លើនឈ្លានពាន ទាំងកំរោល និងអំពើយង់ឃ្នងទាំងអស់ ហើយងាកមកគោរពកិច្ចព្រមព្រៀង បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាន ឯកឧត្តម Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី និងគោរពគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌ អន្តរជាតិជាធរមាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េខាងត្បូងចំនួនប្រមាណជិត ៦០០នាក់ ក៏បានប្រមូលផ្តុំគ្នានៅនៅទី ក្រុងអាសាន ទីក្រុងក្វាងជូតូច និងនៅទីក្រុងក្វាងជូធំ ដើម្បីសម្តែងមតិថ្កោលទោសថៃ ដែលបានបើកការវាយប្រហារដ៏កំរោល រំលោភបំពានយ៉ាងសាហាវឃោរឃៅ លើដែនអធិបតេយ្យភាពកម្ពុជា៕

To Top