លោក ផាន់ ចាន់ធុល នាំយកអំណោយអាវរងា និងអាវក្រោះ ឧបត្ថម្ភជូនជនភាសសឹក និងកងកម្លាំងនគរបាលការពារព្រំដែន
ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាមួយចំនួន ជូនដល់ស្នងការដ្ឋាននគរបាលខេត្តពោធ៍សាត់ ដើម្បីចែកជូនជនភាសសឹក និងកងកម្លាំងនគរបាលដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ។

សកម្មភាពមនុស្សធម៌ប្រកបដោយការយកចិត្តទុកដាក់ ពិធីប្រគល់-ទទួលអំណោយនេះ បានប្រារព្ធឡើងយ៉ាងមហោឡារិក ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយការដឹងគុណ។ ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានប្រគល់ជូននូវ៖ អាវរងាសម្រាប់ចែកជូនដល់បងប្អូន ជនភាសសឹក ដែលកំពុងជួបការលំបាក និងត្រូវការភាពកក់ក្តៅជាចាំបាច់ក្នុងរដូវរងា។ អាវក្រោះ ជូនដល់កងកម្លាំងនគរបាល នៃវរសេនាតូចការពារព្រំដែនគោក លេខ៨២៥ ដើម្បីពង្រឹងសម្ភារៈការពារខ្លួន ធានាបាននូវសុវត្ថិភាព និងភាពធន់ ក្នុងការបំពេញភារកិច្ចការពារព្រំដែន ដើម្បីលើកទឹកចិត្តដល់កងកម្លាំងជួរមុខ។
ក្នុងប្រសាសន៍សំណេះសំណាល លោក ផាន់ ចាន់ធុល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី។

ឯកលោកបានគូសបញ្ជាក់ថា អំណោយទាំងនេះ គឺតំណាងឱ្យទឹកចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនភាសសឹក ដែលរងផលប៉ះពាល់ និងចំពោះវីរភាពរបស់កងកម្លាំងនគរបាលការពារព្រំដែន ដែលបានលះបង់កម្លាំងកាយចិត្ត ប្រឈមនឹងគ្រប់ឧបសគ្គ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

លោករដ្ឋលេខាធិការក៏បានថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់កងកម្លាំងទាំងអស់ ឱ្យបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះជាតិ មាតុភូមិ។


អត្ថបទនេះ÷ស្នងការដ្ឋានខេត្តពោធិ៍សាត់ ខេម៉ា ដើមអម្ពិល
