រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីយុទ្ធនាការ ផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល
កំពង់ចាម ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីយុទ្ធនាការផ្សព្វផ្សាយ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល នៅមជ្ឈមណ្ឌលសន្តិភាពខេត្តកំពង់ចាម ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជាង ៣,០០០ នាក់។
ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពរបស់គណៈកម្មាធិការខេត្ត ដើម្បីគាំទ្រជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ លេខាធិការដ្ឋានបាននឹងកំពុងជម្រុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបាន ១.០០០នាក់ ដែលគ្រោងបើកវគ្គបណ្តុះបណ្តាលស្នើនឹង ៤០ថ្នាក់ នៅ
ក្នុងឆ្នាំ២០២៥នេះ។ ហើយនៅឆ្នាំ២០២៦ នឹងបន្តការជម្រុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ឱ្យបាន ២,០០០ នាក់បន្ថែមទៀត ។

លោកអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តឱ្យប្រើប្រាស់ថ្នាលឌីជីថល ដើម្បីគាំទ្រដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយស្ម័គ្រចិត្ត តាមរយៈថ្នាលឌីជីថលនេះ នឹងផ្ដល់ការទទួលស្គាល់ ដែលអាចលើកកម្ពស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរួមចំណែកកាន់តែខ្ពស់ដល់សេដ្ឋកិច្ចជាតិ គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់លេខ៣ ដែលមានអ្នកស្នើសុំចុះឈ្មោះក្នុងប្រព័ន្ធចំនួន ១៧.៤២០នាក់។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា អ្នកដែលកសាងសេដ្ឋកិច្ចមិនមែនតែរោងចក្រ ឬក៏អ្នកវិនិយោគខាងក្រៅនោះទេ ពោលគឺបងប្អូនប្រជាពលរដ្ឋរាប់លាននាក់នេះហើយ គឺជាអ្នកកសាងសេដ្ឋកិច្ចយ៉ាងសំខាន់ ។


លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា សូម្បីតែអ្នកលក់ដូរតាមចិញ្ចើមថ្នល់ មានអ្នកផលិត មានអ្នកទិញ នោះហើយសុទ្ធតែជាអ្នកកសាងសេដ្ឋកិច្ច ។ ដូច្នេះបងប្អូនយើង ដែលពីមុនមកជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានការជួបជុំគ្នាថ្ងៃនេះ សម្រាប់ខេត្តកំពង់ចាម គឺជាលើកទី ៨ នៃយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ។



អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម| រូបភាពដោយ: គីហ្សូណា
