ក្រសួងមហាផ្ទៃ ប្រកាសច្រានចោលការប្រឌិតព័ត៌មានមួលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃ ដាក់ពន្ធនាគារ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសច្រានចោលជាដាច់ខាត ចំពោះការប្រឌិតព័ត៌មាន មួលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃបញ្ជូនទៅពន្ធនាគារ និងការបំភ្លៃស្ថានការណ៍ផ្សេងៗ នាំឱ្យ ពលរដ្ឋថៃនៅកម្ពុជា ពិសេសក្រុមគ្រួសារសាច់ញាតិនៅឯប្រទេសថៃ មានការយល់ខុសតាមការឃោសនាដ៏ អកុសលនេះ។
ជាក់ស្តែង ក្នុងន័យចូលរួមប្រឆាំងការផ្សព្វផ្សាយក្លែងក្លាយទាំងនេះ មានពលរដ្ឋថៃរស់នៅប្រទេស កម្ពុជា បានថតវីដេអូបង្ហោះផ្សាយបង្ហាញអំពីជីវភាពរស់នៅធម្មតារបស់ខ្លួនជាបន្តបន្ទាប់ ពិសេសនៅក្រុង ប៉ោយប៉ែត និងតាមទីតាំងនានាក្នុងប្រទេសកម្ពុជា។ កុំថាឡើយបារម្ភខ្លាចអាជ្ញាធរកម្ពុជាចាប់ខ្លួន សូម្បីតែការ បារម្ភខ្លាចមានការគំរាមកំហែង ឬប្រព្រឹត្តអំពើហិង្សាពីប្រជាពលរដ្ឋកម្ពុជា ក៏ពុំមានដែរ ទោះប្រទេសទាំងពីរ មានអរិភាពជាមួយគ្នាក៏ដោយ៕


