ព័ត៌មានជាតិ

កម្ពុជា ថ្កោលទោសចំពោះការឈ្លានពានរបស់ថៃមកលើកម្ពុជា រួមទាំងការប្រើយន្តហោះចម្បាំង F-16

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពានប្រដាប់អាវុធរបស់ប្រទេសថៃមកលើកម្ពុជា រួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅតាមបណ្តាខេត្តនានាតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។

សកម្មភាពបែបនេះ គឺជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដី របស់កម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងមិនគោរពទាំងធម្មនុញ្ញអាស៊ាន និងស្មារតីនៃសហ គមន៍អាស៊ាន។

ក្រសួង បន្ដថា ការប្រើប្រាស់យន្តហោះចម្បាំង F-16 ក្នុងទឹកដីកម្ពុជា គឺជាការប្រើប្រាស់កម្លាំងមិនសមាមាត្រ និងមិនត្រឹមត្រូវយ៉ាងពិតប្រាកដ។ ការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយយោធាថៃ រួមទាំង ប្រតិបត្តិការដែលត្រូវបានរាយការណ៍ថា ចូលជ្រៅប្រមាណ ៨០-៩០គីឡូម៉ែត្រ ទៅក្នុងទឹកដីកម្ពុជា បាន បណ្តាលឱ្យបាត់បង់ជីវិតជនស៊ីវិលជាច្រើន និងមានប្រជាជនជាង ៤០០,០០០នាក់ ត្រូវភៀសខ្លួន ព្រមទាំងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

ក្រសួង បន្ថែមថា ការវាយប្រហារទាំងនេះបានធ្វើឱ្យខូចខាត និងបំផ្លិចបំផ្លាញ តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមានប្រាសាទព្រះវិហារ និងប្រាសាទផ្សេងទៀត ដែលមានសារៈសំខាន់ផ្នែកវប្បធម៌ និងសាសនា ព្រមទាំងផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម សណ្ឋាគារ កាស៊ីណូ ការិយាល័យរដ្ឋបាល ស្ពានជ័យជំនះ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សំខាន់ៗដទៃទៀត។ សកម្មភាពបែបនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និង កាតព្វកិច្ចអន្តរជាតិ ក្នុងការការពារជនស៊ីវិល និងទ្រព្យសម្បត្តិវប្បធម៌៕

To Top