រដ្ឋមន្ត្រី ហេង សួរ អញ្ជើញចូលរួមធ្វើវាគ្មិន ក្នុងកិច្ចពិភាក្សាពិសេស នៃសន្និសីទថ្នាក់ជាតិ ស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥
ភ្នំពេញ៖ ថ្លែងជាវាគ្មិនក្នុងកិច្ចពិភាក្សាពិសេសស្តីពី “ការធ្វើអន្តរកាលកម្លាំងពលកម្មកម្ពុជា ទៅរកសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចចក្រា” នៃសន្និសីទថ្នាក់ជាតិលើកទី២ ស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការធ្វើអន្តរកាលកម្លាំង ពលកម្មកម្ពុជាទៅរកសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចចក្រា គឺជាការផ្លាស់ប្តូរ និងការអភិវឌ្ឍជំនាញ ការងារ និងរៀបចំរចនាសម្ព័ន្ធកម្លាំងពលកម្ម ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួល នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចសម័យថ្មី ដែលផ្អែកលើបច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់ធនធាន ប្រកបដោយចីរភាព។

លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរ អំពីសារសំខាន់ នៃកម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ ក្នុងការបង្កើនឱកាសការងារ និងចំណូលប្រកបដោយចីរភាព ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ សំដៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំគន្លងអប់រំនៅកម្ពុជា ដែលនឹងប្រកាសដាក់ឱ្យអនុវត្តនាពេលឆាប់ៗនេះ ហើយគន្លងអប់រំថ្មីនេះនឹងផ្តល់នូវច្រក សិក្សាប្រកបដោយភាពបត់បែន ដោយបញ្ចូលនូវគន្លងវិជ្ជាជីវៈ នៅកម្រិតមធ្យមសិក្សាទុតិយភូមិ ដើម្បីបើកច្រក និងផ្ដល់ជម្រើសកាន់តែប្រសើរ សម្រាប់សិស្សានុសិស្ស ក្នុងការចាប់យក ការសិក្សាជំនាញវិជ្ជាជីវៈ ទៅតាមចំណង់ចំណូលចិត្ត សំដៅឆ្លើយតបនឹងបម្រែបម្រួល រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាសម័យថ្មី កាត់បន្ថយអត្រាសិស្ស បោះបង់ការសិក្សា ជាពិសេស បង្កើនអត្រាសិស្ស ចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលចាំបាច់សម្រាប់ទីផ្សារការងារ និងសក្តានុពលសេដ្ឋកិច្ច នៅតាមមូលដ្ឋាន។

សន្និសីទថ្នាក់ជាតិលើកទី២នេះ ត្រូវបានរៀបចំឡើងដើម្បីបើកលំហរ ជាវេទិកាសម្រាប់ជំរុញកិច្ចសហការ និងការផ្លាស់ប្តូរចំណេះដឹង តាមរយៈការចែករំលែកលទ្ធផល នៃការសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ។ សន្និសីទនេះក៏ផ្តល់ឱកាសក្នុងការ ស្វែងយល់ស៊ីជម្រៅអំពីបញ្ហាប្រឈម និងដំណោះស្រាយជាយុទ្ធសាស្ត្រ ក្នុងទីផ្សារការងារនៅកម្ពុជា សំដៅដល់ការតម្រង់ទិសទស្សនវិស័យការងារ របស់កម្ពុជានាពេលអនាគត ឱ្យមានសង្គតិភាព នឹងការវិវត្តនៃសេដ្ឋកិច្ចសង្គម និងជាការចូលរួមចំណែក កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕






