រដ្ឋមន្រ្តីសុខាភិបាល ៖ ការសង្រ្គោះព្យាបាលវីរកងទ័ពជួរមុខ គឺជាអាទិភាព
ភ្នំពេញ ៖ ក្នុងឱកាសបន្តអញ្ជើញ ចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បញ្ជាក់ជាថ្មី នូវការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួង ក្នុងការធានាបាន នូវការសង្រ្គោះព្យាបាល វីរកងទ័ពជួរមុខ រងរបួសទាំងអស់ជាអាទិភាព ។

សាស្រ្តាចារ្យ បានពាំនាំនូវពាក្យផ្តាំផ្ញើ សួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ជូនចំពោះបងប្អូនវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូប។

នាឱកាសនោះ រដ្ឋមន្រ្តី បានចូលរួមដឹកនាំការប្រជុំក្រុមគ្រូពេទ្យឯកទេសពហុជំនាញ ដើម្បីតាមដាន និងពិនិត្យវឌ្ឍនៈភាព ប្រសិទ្ធភាព និងតម្រូវការការថែទាំព្យាបាល បម្រើជូនវីរកងទ័ព រហូតបានជាសះស្បើយ៕









