ប្រេស៊ីល ឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ ៖ លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។
លោកស្រី បានបញ្ជាក់ទៀតថា ប្រទេសទំាងពីរមិនអាចលើក ប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ។ ដូច្នេះដើម្បីបញ្ចប់ជម្លោះមាន តែការចរចាដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិ តែប៉ុណ្ណោះ។

លោកស្រី ឯកអគ្គរដ្ឋទូត ដំបូងគេរបស់ប្រទេសប្រេស៊ីលប្រចាំនៅកម្ពុជា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជាវិញ សម្តេច ប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់ប្រទេសប្រេស៊ីល ដែលបានចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភនិងជំរុញប្រទេសទំាងពីរ កម្ពុជា-ថៃ គោរពកិច្ចព្រមព្រៀងសន្តិភាព។ សម្តេច បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច គ្មានមហិច្ឆិតាណាមួយក្នុងការទៅដណ្តើមទឹកដី ពីប្រទេសណាមួយឡើយ។

កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះកម្ពុជា គ្មានហេតុផលណាមួយទៅធ្វើសង្រ្គាម ដើម្បីឱ្យពលរដ្ឋរងទុក្ខលំបាកទៀតនោះឡើយ។ កម្ពុជាបានស្គាល់រស់ជាតិលំបាក ពីសង្រ្គាមដូច្នេះសន្តិភាពសម្រាប់កម្ពុជាសំខាន់ណាស់ ។ កម្ពុជាបាននិងកំពុងអភិវឌ្ឍន៍ខ្លួន ដូច្នេះគ្មានបំណងទៅបង្កសង្រ្គាម ជាមួយប្រទេសណាមួយ ពិសេសប្រទេសដែលធំជាងខ្លួនឡើយ។
សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងការឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជានៅក្នុងរយៈពេលចុងក្រោយនេះ មានសភាពឃោរឃៅ និងព្រៃផ្សៃបំផុត។ ប្រទេសថៃបានប្រើអាវុធធន់ធ្ងន់ មានទាំងយន្តហោះ F-16 គ្រាប់បែកចង្កោម និងផ្សែងពុល វាយចូលដែនអធិបតេយ្យរបស់កម្ពុជា យ៉ាងជ្រៅពីបន្ទាត់ព្រំដែន ក្នុងរង្វង់ពី៨០ទៅ៩០គីឡូម៉ែត្រ បានបណ្តាលឱ្យបាត់បង់អាយុជីវិតជនស៊ីវិលជាច្រើន និងបង្កឱ្យប្រជាពលរដ្ឋជាង៤០ម៉ឺននាក់ បានបង្ខំចិត្តភៀសសឹកចេញពីលំនៅដ្ឋាន។
ទ្រព្យសម្បត្តិ សាធារណៈនិងឯកជន ដូចជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទព្រះវិហារជាដើម ព្រមទំាងផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន សំណង់អគារផ្សេងទៀត បានបំផ្លាញដោយអាវុធរបស់ថៃ៕
