អភិបាលខេត្តពោធិ៍សាត់ បន្តទទួលអំណោយពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត អង្គភាពពន្ធនាគារខេត្ត និងធនាគារអេស៊ីលីដាសាខាខេត្តពោធិ៍សាត់ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរកងកម្លាំងជួរមុខ និងជនភៀសសឹក
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបរិវេណមុខសាលាខេត្ត បានបន្តទទួលអំណោយពីលោក តុប ឈុនហេង ប្រធានសាលាដំបូងខេត្ត និងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ព្រមទាំងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ី សំអុល ប្រធានពន្ធនាគារខេត្ត រួមទាំងគ្រឹះស្ថានធនាគារឯកជន និងសប្បុរសជន ដែលបានយកមកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ឧបត្ថម្ភគាំទ្រដល់វីរកង ទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងចែកជូនដល់ពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ ដោយសារសង្រ្គាមថៃឈ្លានពាន។

*អំណោយរបស់លោក តុប ឈុនហេង ប្រធានសាលាដំបូងខេត្ត និងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ព្រមទាំងសហការី រួមមាន៖ ភេសជ្ជៈកម្ពុជា៥០កេស, ទឹកបរិសុទ្ធកម្ពុជា១០០កេស, មីជាតិ១០០កេស, ទឹកស៊ីអ៊ីវ៣០យួរ, ទឹកត្រី២០យួរ, ត្រីខកំប៉ុង១៤កេសធំ និងថវិកា៥,០៧០,០០០រៀល។ *អំណោយរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ី សំអុល ប្រធានពន្ធនាគារខេត្ត រួមមាន៖ អំបុក៥០០គីឡូក្រាម និងបរិសុទ្ធកម្ពុជា៥០កេស។ ក្រៅពីនោះមានគ្រឹះស្ថានធនាគារ ACLEDA Plc សាខាខេត្តពោធិ៍សាត់ បានឧបត្ថម្ភអង្ករ១០តោន រួមទាំងសប្បុរសជន ក្នុងនិងក្រៅប្រទេស ថវិកាចំនួន៣,៦៧៨ដុល្លារផងដែរ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ជូនចំពោះលោក តុប ឈុនហេង, លោក វង្ស ប៊ុនវិសុទ្ធ, លោក អ៊ី សំអុល រួមទាំងគ្រឹះស្ថានធនាគារឯកជន និងសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ជាគុណប្រយោជន៍ បានជួយដល់វីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី ពីចោរថៃឈ្លានពាន និងចែកជូនដល់ពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅទីតាំងមានសុវត្ថិភាព ក្នុងខេត្តពោធិ៍សាត់ សរុបចំនួន៣,២២១នាក់ ស្មើនឹង៩០០គ្រួសារ។

លោកអភិបាលខេត្តក៍បានបន្តថា នូវរាល់ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគល់ជូនទាំងអស់នេះ គឺកើតចេញពីការស្ម័គ្រចិត្ត បង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

លោក ខូយ រីដា បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ពុំទាន់មានភាពធូរស្រាលនៅឡើយ។ ឯកឧត្តមបានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសនោះឡើយ ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងបន្តជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរកងទ័ពជួរមុខជាប្រចាំ។


ក្នុងនាមរដ្ឋបាលខេត្ត លោកអភិបាលខេត្ត ក៍សូមសំដែងនូវការសោកស្តាយជាពន់ពេក និងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា បានបាត់បង់ជីវិត និងរងរបួសមួយចំនួន ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមបណ្តាតំបន់ជាច្រើន ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ពិសេសខេត្តពោធិ៍សាត់ផ្ទាល់៕






ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់| ដោយ÷ធឿន/ដើមអម្ពិល
