អំណោយជាថវិកា សម្ភារប្រើប្រាស់ ថ្នាំពេទ្យ និងគ្រឿងឧបភោគបរិភោគជាច្រើន ត្រូវបានសប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន ផ្តល់មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាបន្តបន្ទាប់ សម្រាប់ចែកជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ក្នុងស្មារតីខ្មែរតែមួយ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលអំណោយពីក្រុមហ៊ុន ឌីឡាក់ អ៊ិនធើណេសិនណល ឯ.ក (D’luxe International Co., LTD.) ដែលបានឧបត្ថម្ភស្បៀងជាគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ៣.៥តោន ទឹកស៊ីអ៊ីុវ៤០យួរ ទឹកត្រី៤០យួរ ត្រាវ២៥០គីឡូក្រាម ដំឡូងបារាំង២៥០គីឡូក្រាម ដំឡូងជ្វា២៥០គីឡូក្រាម ការ៉ុត២៥០គីឡូក្រាម ពោត៦បេស្មើរ ៣០០ពោត ទឹកសុទ្ធ៣០កេស មី៦០កេស។

ក្រុមហ៊ុន អិកស៍អូ ថិច អ៊ិនដាសស្ទ្រៀល ឯ.ក (XO TEX INDUSTRIAL CO., LTD.) បានចូលរួមផ្តល់អង្ករ ចំនួន ១.៧៥តោន ទឹកស៊ីអ៊ីវ ចំនួន ២០យួរ ទឹកត្រី ចំនួន ២០យួរ ទឹកសុទ្ធវីតាល់ ចំណុះ ៥០០មល ចំនួន ១៥កេស មីខ្លាឃ្មុំ ចំនួន ១៥កេសត្រាវ ចំនួន ១២៥គីឡូក្រាម ដំឡូងបារាំង ចំនួន ១២៥គីឡូក្រាម ដំឡូងជ្វា ចំនួន ១២៥គីឡូក្រាម ការ៉ុត ចំនួន ១២៥គីឡូក្រាម ពោត ចំនួន ១៥០ផ្លែ។

តាងនាមឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុនទាំងពីរ និងបណ្តាសប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ជាច្រើនទៀត ដែលបាននិងកំពុងផ្តល់មកក្រសួង ដើម្បីផ្តល់ជូនដល់វីរកងទ័ព និងជនភៀសសឹកដែលត្រូវរងគ្រោះយ៉ាងលំបាកវេទនា ជម្លៀសខ្លួនមកតំបន់សុវត្ថិភាព ចោលផ្ទះសំបែង ពីការបង្កសង្គ្រាមឈ្លានពានយ៉ាងកម្រោលឃោរឃៅពីសំណាក់យោធាថៃ។ លោករដ្ឋមន្រ្តី ចាត់ទុកថានេះជាស្មារតីរួបរួមជាកម្លាំងមួយដ៏ខ្លាំងរឹងមាំ ស្មារតីខ្មែរតែមួយ ជួយគ្នាក្នុងគ្រាទុក្ខលំបាក ប្រយុទ្ធប្រឆាំងនិងសត្រូវឈ្លានពានទឹកដី៕
