ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មនិង IFAD​ បញ្ចប់ការត្រួតពិនិត្យការ អនុវត្តគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (អេមស៍)ដោយជោគជ័យ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និងមូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បានបញ្ចប់បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ លើការអនុវត្តគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (អេមស៍) ដោយជោគជ័យ  ។

ក្នុងដំណើរបេសកកម្ម បានចាប់ផ្តើមពីថ្ងៃទី១ ដល់ ១២ ខែធ្នូ ២០២៥កន្លងមកនេះ ក្រុមការងារបានធ្វើការត្រួតពិនិត្យ វឌ្ឍនភាពរបស់គម្រោងនៅទូទាំងខេត្ត គោលដៅទាំង១៨ និងបានកំណត់ឱកាសថ្មីៗ ក្នុងការពង្រឹងលទ្ធភាពចូលទីផ្សារ ប្រព័ន្ធផលិតកម្ម និងភាពជាដៃគូក្នុងខ្សែច្រវាក់តម្លៃ សម្រាប់កសិករខ្នាតតូចនៅកម្ពុជា ។

អេមស៍ គឺជាគម្រោងអនុវត្តដោយ ក្រសួងពាណិជ្ជកម្ម ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និង IFAD ក្នុងគោលបំណង ជំរុញកំណើនទីផ្សារប្រកបដោយបរិយាបន្ន សម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោមអាជីវកម្មតាមជនបទ ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច ក្នុងនោះកសិករក្រីក្រ ក៏អាចទទួលបានផលប្រយោជន៍រួមគ្នា។

លោកអេង សុធីវ័ន្ត អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង អេមស៍ បានលើកឡើងថា៖ «គម្រោង អេមស៍ កំពុងមានវឌ្ឍនភាពល្អមកដល់ពេលនេះ គឺដោយសារមានកិច្ចសហការយ៉ាងរឹងមាំពី​ក្រុមការងារនៅទូទាំងខេត្តគោលដៅ និងដៃគូវិស័យឯកជនរបស់យើង។ ជាមួយនឹងការទទួលបាន ហិរញ្ញប្បទានបន្ថែម យើងនឹងបន្តធ្វើការពង្រឹងចង្កោមអាជីវកម្ម និងការតភ្ជាប់ទីផ្សារ ដើម្បីផ្តល់អត្ថប្រយោជន៍ ឱ្យបានកាន់តែច្រើនដល់កសិករខ្នាតតូចរបស់យើង» ។

លោកបន្តថាការកៀរគរកសិករខ្នាតតូចរបស់គម្រោង ដើម្បីបង្កើតជាចង្កោមអាជីវកម្ម នៅតែបន្តរីកចម្រើនទៅមុខ ដោយមានចង្កោមអាជីវកម្មចំនួន ៣៤៧ ត្រូវបានបង្កើតឡើង និងអត្រានៃការទទួលយកបច្ចេកវិទ្យាផលិតកម្មមានចំនួន ៨៤% នៃចំនួនកសិករដែលចូលរួមក្នុងគម្រោង។

គិតត្រឹមខែតុលា ឆ្នាំ២០២៥ អេមស៍ បានសម្របសម្រួលការចុះកិច្ចសន្យាទិញលក់បានសរុបចំនួន ៩០៥ កិច្ចសន្យា សម្រាប់ខ្សែច្រវាក់តម្លៃ ផលិតផលស្រូវប្រណីត បន្លែសុវត្ថិភាព គ្រឿងទេស មាន់ខ្មែរ និងដំឡូងមី ដែលមានតម្លៃសរុបប្រមាណ ២២៤ លានដុល្លារអាមេរិក។

ក្នុងអំឡុងពេលទស្សនកិច្ចនៅក្នុងខេត្តចំនួនប្រាំមួយ ក្រុមការងារបេសកកម្មរបស់ IFAD និងក្រុមកងារគម្រោង អេមស៍ បានជួបជាមួយក្រុមកសិករផលិត ចង្កោមអាជីវកម្ម អ្នកទិញ និងមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីវាយតម្លៃលើការតភ្ជាប់ទីផ្សារ ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមក្នុងផលិតកម្ម និងការទទួលបានសេវាកម្មបច្ចេកទេស និង ហិរញ្ញប្បទានជាដើម។ ឱកាសដែលបានកំណត់សម្រាប់គម្រោង​ជាបន្តរួមមាន ការពង្រឹងផែនការអាជីវកម្ម និងការកំណត់ពេលវេលាផលិតកម្មសម្រាប់ ចង្កោមអាជីវកម្មឱ្យស្របទៅតាមទីផ្សារ ជំរុញការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាក់ទង នឹងទីផ្សារក្រោមមូលនិធិសម្រាប់ ការអភិវឌ្ឍ តាមវិស័យឱ្យកាន់តែមានប្រសិទ្ធិភាព ពង្រីកការវិនិយោគវិស័យឯកជន តាមរយៈមូលនិធិនវានុវត្តន៍ ខ្សែច្រវាក់តម្លៃ និងការដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេស ដូចជា ការគ្រប់គ្រងជំងឺលើដំណាំម្ទេស ការចាក់វ៉ាក់សាំងមាន់ និងការពង្រឹងគុណភាពគ្រាប់ពូជជាដើម ។

ចំណែកលោក Frew Behabtu នាយក និងជាតំណាង IFAD ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «គម្រោង អេមស៍ បានធ្វើដំណើរ ឈ្ពោះទៅមុខប្រកប ដោយស្ថិរភាព ក្នុងការពង្រឹងផលិតកម្ម ដែលបំពេញទៅតាមតម្រូវការរបស់ទីផ្សារ រួមជាមួយនឹងចង្កោម អាជីវកម្មដែលបានតភ្ជាប់ កសិករខ្នាតតូចទៅកាន់អ្នកទិញនៅក្នុងខ្សែច្រវាក់តម្លៃសំខាន់ៗ បានកាន់តែច្រើនឡើងៗ។ បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងនេះ បានបញ្ជាក់ឱ្យឃើញពីលទ្ធផលជាក់ស្តែង និងឱកាសច្បាស់លាស់ក្នុងការពង្រឹងបន្ថែមទៀតនូវការធ្វើផែនការអាជីវកម្ម ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងការចូលរួមរបស់វិស័យឯកជន ។ ការអភិវឌ្ឍបន្ថែមដោយផ្អែកលើមេរៀនបទពិសោធទាំងនេះ គឺពិតជាមានសារៈសំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនង ផ្នែកពាណិជ្ជកម្មកាន់តែមានភាពស៊ីជម្រៅ និងអាចដោះស្រាយគម្លាតផលិតកម្ម និងសេវាកម្មដែលនៅសេសសល់បាន» ។

លោកថាអេមស៍ ក៏បានបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរួមបញ្ចូលយេនឌ័រនៅរាល់សកម្មភាពរបស់គម្រោងផងដែរ ក្នុងនោះស្ត្រីមានចំនួនដល់ទៅ ៦២% នៃអ្នកទទួលផលគម្រោងទាំងអស់។ ហើយបេសកកម្មនេះ ក៏បានលើកទឹកចិត្តដល់ការវិនិយោគបន្ថែមទៀតលើតួនាទីស្ត្រីជាអ្នកដឹកនាំ នៅក្នុងចង្កោមអាជីវកម្ម និងក្រុមអ្នកផលិត ។

ក្រសួងពាណិជ្ជកម្ម និង IFAD នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តគម្រោង អេមស៍ ឱ្យកាន់តែមានប្រសិទ្ធិភាព ហើយក្រុមការងារបេសកកម្ម គ្រោងនឹងចុះគាំទ្រការអនុវត្តគម្រោងជាបន្តទៀត នៅក្នុងខែមេសា ឆ្នាំ២០២៦ ខាងមុខ។ បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃគម្រោងប្រចាំឆ្នាំម្តងទៀត ក៏នឹងគ្រោងធ្វើឡើងក្នុងចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦ ផងដែរ។

សូមជម្រាបថាមកដល់ពេលនេះ គម្រោងអេមស៍បាន និងកំពុងជួយគាំទ្រដល់កសិករខ្នាតតូចចំនួន ៩៤,៤៩៩ គ្រួសារ លើសពីគោលដៅដែលបានគំណត់ ត្រឹមចំនួន ៨៨,២០០ គ្រួសារ តែប៉ុណ្ណោះ សម្រាប់ការអនុវត្តគម្រោងរហូតដល់ឆ្នាំ២០២៧។ ហើយគម្រោង នៅតែបន្តគាំទ្រកសិករខ្នាតតូច ក្នុងការអនុវត្តបច្ចេកទេសផលិតកម្ម ដែលមានភាពប្រសើរ ជួយសម្របសម្រួលទីផ្សារឱ្យកាន់តែរឹងមាំ និងពង្រីកភាពជាដៃគូពាណិជ្ជកម្ម ឱ្យបានកាន់តែទូលំទូលាយផងដែរ ៕

To Top