សម្ដេចតេជោ ៖ កម្ពុជា ពុំមានជនជនជាតិរុស្ស៊ី ឬជនបរទេសផ្សេងទៀត ចូលរួមប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជាឡើយ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា កម្ពុជា ពុំមានជនជនជាតិរុស្ស៊ី ឬជនបរទេសផ្សេងទៀត ចូលរួមប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយ
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ថា «ប៉ុន្មានថ្ងៃមកនេះ មានការចុះផ្សាយ ដោយសាព័ត៌មានថៃមួយចំនួន ដោយបានលើកឡើងថា មានទាហ៊ានរស្ស៊ី និងជនបរទេសមួយចំនួន កំពុងចូលរួមប្រយុទ្ធនៅកម្ពុជា ។ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជារបស់រុស្ស៊ី និងជនបរទេសផ្សេងទៀត ដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថា កម្ពុជា ពុំមានជនជនជាតិរុស្ស៊ី ឬជនជាតិបរទេសផ្សេងទៀត ចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធា សម្រាប់កងទ័ពកម្ពុជានោះឡើយ»។
សម្ដេចតេជោ បន្ដថា «យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ ដកចេញចេញពីកម្ពុជា នាឆ្នាំ១៩៩៣មកម្លេះ ។ យើងទទួលស្គាល់ថា យើងធ្លាប់មានយោធាបរទេសចូលមក ដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ ឬទ្វេភាគីនៅលើទឹកដីកម្ពុជា ពិសេសកងទ័ពជើងទឹកបរទេស ដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុ ដែលនេះជាទម្លាប់ធម្មតា ដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នា ក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិ»។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា «យើងក៏ទទួលស្គាល់ផងដែរថា ពេលនេះមានជនជាតិបរទេសជាច្រើនជាតិសាសន៍ កំពុងស្នាក់នៅកម្ពជា ដែលជាទេសចរណ៍ វិនិយោគិនអ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុនបរទេស ឬក្នុងស្រុក ។ តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យយោធា ឬការប្រយុទ្ធនោះឡើយ» ៕
