ព័ត៌មានជាតិ

លោក ខូយ រីដា អញ្ជើញចុះសួរសុខទុក្ខគ្រួសារវីរកងទ័ពជួរមុខទូទាំងស្រុកក្រគរចំនួន ៥៥ គ្រួសារព្រមទាំងបានផ្តល់នូវថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនគ្រួសារវីរកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពាន

ខេត្តពោធិ៍សាត់÷លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ អញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារវីរៈកងទ័ពជួរមុខ ទូទាំងស្រុកក្រគរ ចំនួន៥៥គ្រួសារ ព្រមទាំងផ្តល់ជូននូវថវិកាគោលនយោបាយ និងសារលិខិតរំលែកមរណទុក្ខ របស់រាជរដ្ឋាភិបាលកម្ពុជា មកប្រគល់ជូនភរិយា នៃសពលោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធិ មេបញ្ជាការរង កងអនុសេនាធំ នៃកងការពារព្រំដែនគោកលេខ៥០១ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង នាជន្មាយុ៤៥ឆ្នាំ។

ពិធីសំណេះសំណាល និងប្រគល់ថវិកាគោលនយោបាយខាងលើ ត្រូវបានធ្វើឡើង នៅបរិវេណសាលាឃុំអន្លង់ត្នោត ស្រុកក្រគរ ដោយបានការចូលរួមពី លោក ង៉ែត សុខន អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអន្លង់ត្នោត ស្រុកក្រគរ និងឃុំវាល ស្រុកកណ្តៀង, ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត។

សម្រាប់គ្រួសារវីរកងទ័ពជួរមុខ ដែលមានមូលដ្ឋានក្នុងស្រុកក្រគរ ចំនួន៥៥គ្រួសារ ត្រូវបានទទួលវត្ថុកំដរដៃ ដែលរៀបចំដោយក្រុមការងារអគ្គិសនីកម្ពុជា ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធ២កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, បន្ថែត្រីសាច់១កញ្ចប់ និងថវិកា១លានរៀល។ ដោយឡែកភរិយា នៃសពលោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធិ ដែលបានពលីជីវិតនៅសមរភូមិមុខ ក្នុងការការពារជាតិមាតុភូមិ នៅទិសថ្មដា ស្រុកវាលវែង ត្រូវទទួលបានថវិកាគោលនយោបាយ ចំនួន៨០,០០០,០០០រៀល (ប៉ែតសិបលានរៀលគត់)។

ក្នុងថ្ងៃដដែលនោះ លោក ខូយ រីដា ក៏បានបន្តចុះត្រួតពិនិត្យវឌ្ឍនភាព និងវាយតម្លៃគម្រោងមូលនិធិឃុំ នៅឃុំក្បាលត្រាច និងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានប្តេជ្ញាចិត្ត ជំរុញដល់បណ្តាក្រុងស្រុក ឃុំសង្កាត់ ត្រូវពង្រឹង ពង្រីក និងថែទាំ នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ឱ្យមានគុណភាព ជៀសវាងខូចខាត ដែរនាំឱ្យខាតបង់ថវិកាជាតិ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់| ដោយ÷ធឿន/ដើមអម្ពិល

To Top