អភិបាលខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្តល់ជូន វីរ:កងទ័ពជួរមុខ សម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ២នាក់ នៅផ្ទះ១នាក់
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរៈកងទ័ព ៣រូប កំពុងសម្រាកព្យាបាលជំងឺ ដោយពីរនាក់ ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ និងម្នាក់ទៀត ព្យាបាលនៅផ្ទះ នៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ។

សូមបញ្ជាក់ថា លោក ឈុំ ស្រេង អាយុ ៥៣ឆ្នាំ ជាវីរៈកងទ័ពជួរមុខ ចូលជើងនៅច្រកអានសេះ មានជំងឺអស់កម្លាំងល្ហិតល្ហៃ ដោយសារផ្សែងពុល មានទីលំនៅភូមិសូទិព ឃុំសូទិប ស្រុកជើងព្រៃ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។

លោក ហួ គីមហុង អាយុ ៥២ឆ្នាំ ជាវីរៈកងទ័ពជួរមុខ ចូលជើងនៅច្រកអានសេះ មានជំងឺអស់កម្លាំងល្ហិតល្ហៃ ដោយសារផ្សែងពុល ពីលំនៅភូមិសំពងជ័យ ឃុំសំពោងជ័យ ស្រុកជើងព្រៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។

ដោយឡែក លោក សាំង បូរ៉ាន អាយុ ៣៣ឆ្នាំ ជាវីរៈកងទ័ពជួរមុខឈរជើងនៅជាំតែ សុំសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នុងភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យក្នុងការយកចិត្តទុកដាក់ថែទាំព្យាបាល ដល់វីរៈកងទ័ពរបស់យើង ឆាប់បានជាសះស្បើយ ត្រឡប់ទៅគេហដ្ឋានវិញ ។
អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម| រូបភាពដោយ: គីហ្សូណា
