ព័ត៌មានជាតិ

យោធាថៃសម្រុក ប្រើF-16 កាំភ្លើងធំ រថក្រោះ ដ្រូនស៊ើបការណ៍ ផ្សែងពុល ចូលភូមិជោគជ័យ និងព្រៃចាន់

ភ្នំពេញ ៖ លោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា សកម្មភាពយ៉ាងគឃ្លើនសាហាវព្រៃផ្សៃរបស់ក្រុមយោធាថៃ នៅតែបន្តការប្រើយន្តហោះចម្បាំងF-16 ដ្រូនស៊ើការណ៍ និងផ្សែងពុលចូលក្នុងភូមិជោគជ័យ និងព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជម្លោះកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានរៀបរាប់ថា ស្ថានការណ៍នៅថ្ងៃទី១៧ ខែធ្នូ វេលាម៉ោង៦និង២៤នាទីព្រឹក យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្រ្តអូភ្លុកដំរី , ម៉ោង៦និង២៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងF-16ទម្លាក់គ្រាប់បែក ចូលក្នុងភូមិសាស្រ្តជោគជ័យ , ម៉ោង៦និង៤៦នាទី កម្លាំងថ្មើរជើងបានព្យាយាមរុលចូល ខាងមុខភូមិសាស្រ្តភូមិជោគជ័យ និងម៉ោង៦និង៤៩នាទីកម្លាំងថ្មើរជើងយោធាថៃ អមដោយរថក្រោះ ព្យាយាមរុលចូលមកមុខភូមិសាស្រ្តព្រៃចាន់ ។

លោកស្រីបន្តថា ចំណែកនៅម៉ោង៦និង៥៣នាទី ប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលក្នុងដែនអាកាសរបស់កម្ពុជា ក្នុងភូមិសាស្រ្តភូមិជោគជ័យ , ម៉ោង៦និង៥៦នាទីយោធាថៃ បានចាប់ផ្តើមបាញ់ផ្សែងពុលនៅក្នុងភូមិសាស្រ្តភូមិព្រៃចាន់ , ម៉ោង៧និង១១នាទីកម្លាំងយោធាថៃ ព្យាយាមរុលចូល មកខាងមុខភូមិសាស្រ្តភូមិជោគជ័យ និងម៉ោង៧និង២១នាទីយោធាថៃបានបាញ់ចូលភូមិសាស្រ្តភូមិចំការគ ភូមិស្វាយចេក ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា ជនស៊ីវិលកម្ពុជាបានស្លាប់កើនដល់ចំនួន១៧នាក់ និងរបួសចំនួន៧៧នាក់ ដោយសារការវាយប្រហារពីយោធាថៃ កាលពីថ្ងៃទី៧ ធ្នូ ។ ដោយឡែក ជនភៀសសឹក កើនឡើងដល់ចំនួន៤៣៨ ៩៥៣ នាក់៕

To Top