ព័ត៌មានជាតិ

១១ថ្ងៃហើយ ដែលយោធាថៃ បើកការវាយប្រហារកម្ពុជា

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ បានលើកឡើងថា គិតមកដល់ថ្ងៃទី១៧ ខែធ្នូ នេះ គឺជាថ្ងៃទី១១ នៃការឈ្លានពានប្រដាប់អាវុធ របស់យោធាថៃ មកលើទឹកដីកម្ពុជា យ៉ាងគឃ្លើនដោយកោតខ្លាចញញើត ចំពោះច្បាប់អន្តរជាតិ ។

ក្នុងសន្និសីទបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តការ បាញ់ប្រហារ និងឈ្លានពានមកលើ ដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិបានថ្លែងថា គិតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាថ្ងៃទី១១ ហើយដែលភាគីថៃ បន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។

ចំពោះស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃ មកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យកម្ពុជា លោកជំទាវអ្នកនាំពាក្យអំពាវនាវ ឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាន សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ ។ ក្នុងនោះកម្ពុជាអំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់៕

To Top