ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយមានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, លោក លោកស្រី ឯកអគ្គរដ្ឋទូត, តំណាងអង្គទូត, លោក លោកស្រី តំណាងក្រសួងស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដោយឡែកមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត ZOOM ។

ជាកិច្ចចាប់ផ្ដើលោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានអានរបាយការណ៍សង្ខេបនៃដំណើរការរៀបចំគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដែលមានសង្គតិភាពជាមួយកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីចង្អុលបង្ហាញទិស និងកៀរគរកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធសម្រាប់ការងារអភិវឌ្ឍន៍ជនបទ នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យចំគោលដៅ និងឆ្លើយតបនឹងតម្រូវការអាទិភាពរបស់ប្រជាជននៅក្នុងតំបន់ជនបទ។

បន្ទាប់មក លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានធ្វើបទបង្ហាញដោយសង្ខេបដែលមានក្នុងរចនាសម្ព័ន្ធនៃគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ រួមមាន ៖ ចក្ខុវិស័យ, គោលបំណងនិងគោលដៅ, យុទ្ធសាស្ដ្រនិងវិធានការអនុវត្ត, ផែនការសកម្មភាព, ការតាមដាននិងការវាយតម្លៃ និងតារាងម៉ាទ្រិចយុទ្ធសាស្ដ្រនិងវិធានការគន្លឹះ ជូនអង្គពិធី។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះ លោក លោកស្រី ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងពិធីនេះ ដែលបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។

លោករដ្ឋមន្ដ្រី បានជម្រាបជូនថា ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុម័តដាក់ចេញនូវគោលនយោបាយជាតិនេះ ដោយកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” និងមានគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទ មានជីវភាពរស់នៅសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អប្រកបដោយចីរភាព និងមានសេចក្តីថ្លៃថ្នូរ ។ គោលនយោបាយជាតិសម្រាប់រយៈពេលវែងនេះទៀតសោធ គឺជាផែនទីបង្ហាញផ្លូវដ៏ទូលំទូលាយមួយសម្រាប់ឆ្លើយតបទៅនឹង តម្រូវការនៃការអភិវឌ្ឍជនបទនៅក្នុងប្រទេសកម្ពុជា និងជាសសរស្តម្ភដ៏សំខាន់មួយសម្រាប់គាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងជាមូលដ្ឋានគ្រឹះបន្ថែមទៀត ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”។

ជាចុងក្រោយ លោករដ្ឋមន្ដ្រី បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដូចមានក្នុងគោលនយោបាយជាតិនេះ នឹងចូលរួមសហការគ្នាជាសហថាមពល ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីរួមគ្នាអនុវត្តតាមតួនាទី ភារកិច្ច ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអភិវឌ្ឍន៍ជនបទ ឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ៕






