ក្រោមស្មារតីមនុស្សធម៏ ក្នុងបុព្វហេតុជាតិមាតុភូមិ ! មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តចូលរួមឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនទៀត ជូនអភិបាលខេត្តកំពង់ស្ពឺ ដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរកងទ័ពកម្ពុជា និងពលរដ្ឋភៀសសឹក
កំពង់ស្ពឺ ៖ គោរពតាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា បានថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមឧបត្ថម្ភ តាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ដែលជាខឿនការពារជាតិរបស់កម្ពុជា ក្រោមការចង្អុលបង្ហាញតម្រង់ទិសរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ នាំយកថវិកានិងនិងសម្ភារៈមួយចំនួនទៀតជូន រដ្ឋបាលខេត្តកំពង់ស្ពឺ តាមរយៈលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកស្រី ម៉េង វ៉ាន់ដានីន ដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរកងទ័ពកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយពួកទាហានសៀមឈ្លានពាន និងជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងគេចខ្លួនពីសង្គ្រាមមកនៅទីទួលសុវត្ថិភាព។

ជាទឹកចិត្តក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនបានរួមចំណែកឧបត្ថម្ភរួមមាន៖ថវិកាចំនួន ៥,០០០,០០០រៀល(៥លានរៀល)និងសម្ភារៈមួយចំនួនទៀតដូចជា ទឹកសុទ្ធ១០០កេស, មីចំនួន១០០កេសនិងទឹកត្រីចំនួន ៥០យួរ និងទឹកសុីអុីវ៥០យួរ ផងដែរ។

ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយ នៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញ ឱ្យឃើញនូវកម្លាំងដ៏រឹងមាំ នៃមហាសាមគ្គីជាតិខ្មែរ ក្នុងកាលៈទេសៈ ដែលប្រទេសជាតិ កំពុងជួបប្រទះនឹងការលំបាក ដោយសារការឈ្លានពាន ពីប្រទេសជិតខាង ។ សកម្មភាពទាំងនេះ បានបង្ហាញនូវស្មារតីសាមគ្គីជាតិ ជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូប ដែលកំពុងឈរជើងបំពេញបេសកកម្ម យ៉ាងអង់អាចក្លាហាន ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។






