អាមេរិក ប្រគល់វត្ថុបុរាណខ្មែរ១៣រូប មកវិញ
ភ្នំពេញ ៖ សារមន្ទីរសិល្បៈ អាស៊ីសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco) បានសម្រេចប្រគល់វត្ថុ បុរាណខ្មែរចំនួន១៣រូបមកកម្ពុជាវិញ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី១៨ ខែធ្នូ បានឲ្យដឹងថា ការសម្រេចផ្តល់ឲ្យជាផ្លូវការនេះ បន្ទាប់ពីគណៈកម្មការសិល្បៈអាស៊ី បានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរ ដ៏វិចិត្រទាំង ៣៣រូប បាននាំចេញពីកម្ពុជាដោយខុសច្បាប់ ដែលជាការបំពាន លើច្បាប់ សហព័ន្ធ និងផ្អែកលើភស្តុតាងនានា ដែលរកឃើញដោយភ្នាក់ងារ សន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវជ្រាវកម្ពុជា និងក្រុមការងារសារមន្ទីរសិល្បៈអាស៊ី។
ក្នុងចំណោមវត្ថុទាំង១៣រូបនេះ មានដូចជា ៖ បដិមាជាទេវរូប ព្រះសិរទេពប្រុស ចម្លាក់តោ និងចម្លាក់ គ្រឿងបង្គំ ប្រាសាទនានា ។ តាមរយៈការសិក្សាវិភាគលើភស្តុតាង ដោយមន្ត្រីជំនាញសារមន្ទីរ និងក្រុមអ្នកស៊ើបអង្កេត បានបញ្ជាក់ថា វត្ថុទាំងនេះ មានជាប់ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងជាមួយ លោក ខូក្លាស ឡាតហ្វដ (Douglas Latchford) ដែលបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសង្គ្រាមស៊ីវិល និងអសន្តិសុខ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សារមន្ទីរសិល្បៈអាស៊ីនេះ ដោយបានថ្លែងថា វត្ថុដ៏វិចិត្រដែលប្រគល់មកវិញទាំងនេះ គឺជាផ្នែកមួយនៃមរតកវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរ ដែលមិនត្រឹមតែជាការស្តារឡើងវិញនូវការចងចាំ ផ្នែកវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាការព្យាបាលស្លាកស្នាមរបួសផ្លូវចិត្ត ដែលបន្សល់មករាប់ទសវត្សរ៍ដោយសារ សង្គ្រាម និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ ៕




