ក្រសួងបរិស្ថាន ចាត់មន្រ្តីចូលរួមការពារសុខភាព និងថែរក្សាភាពស្អាត នៅតាមមណ្ឌលជនភៀសសឹក
ភ្នំពេញ ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជា មួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍បន្ទាន់ លើកិច្ចគាំពារបរិស្ថាន ចូលរួមថែទាំសុខភាពនិងអនាម័យបរិស្ថាន តាមតំបន់ នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ខណៈពេលដែលកម្ពុជា កំពុងរង នូវការធ្វើសង្រ្គាមរំលោភទឹកដី ពីសំណាក់ប្រទេសថៃ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួង បរិស្ថាន បានឱ្យដឹងថា ដោយមានការណែនាំ និងការយកចិត្តទុកដាក់ក្នុង ស្មារតីខ្មែរជួយខ្មែរ ដើម្បីការពារសុខភាព ទប់ស្កាត់ការបំពុលបរិស្ថាន នៅតាមមូលដ្ឋាន និងមណ្ឌលសុវត្តិភាព ដែលរងគ្រោះដោយសារការបាញ់ ផ្លោងរបស់កងទ័ពថៃ នៅតាមបណ្តាខេត្តនានា ជាប់ព្រំដែនកម្ពុជា-ថៃ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានចាត់បញ្ជូន ក្រុមការងាររួមមានថ្នាក់ដឹកនាំនិង មន្រ្តីជំនាញក្រសួងបរិស្ថាន ចំនួន ៦០នាក់ និងត្រូវបានបែងចែកជាក្រុមប្រតិបត្តិចំនួន ១៤ក្រុម ចុះទៅតាមគោលដៅ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការអន្តរាគមន៍បន្ទាន់ លើកិច្ចគាំពារបរិស្ថាន និងយកសំណាកមកវិភាគរកសារធាតុគីមីនិងផ្សែងពុល ដោយសារការធ្វើសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសថៃ មកលើប្រទេសកម្ពុជា តាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង បៃលិន ពោធិ៍សាត់ សៀមរាប និង ខេត្តកោះកុង និងមានការចូលរួមបន្ថែមពីមន្ទីរបរិស្ថានខេត្ត អាជ្ញាធរពាក់ព័ន្ធចាប់តាំង ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមអ្នកនាំពាក្យក្រសួងបរិស្ថាន មន្រ្តីជំនាញទាំងអស់ ត្រូវបានបំពាក់នូវឧបករណ៍បច្ចេកទេស ក្នុងការចុះបំពេញការងាររួមមាន៖ ឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ ឧបករណ៍យកសំណាកខ្យល់ (សារធាតុគីមីពុល) ឧបករណ៍វាស់សារធាតុគីមីនិងផ្សែងពុល (ម៉ាស៊ីន Detect) ឧបករណ៍ត្រួតពិនិត្យគុណភាពទឹក និងសម្ភារៈសម្រាប់ការពារខ្លួនមួយចំនួន។

ជាលទ្ធផល ចាប់ពីថ្ងៃប្រតិបត្តិការរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានត្រួតពិនិត្យគុណភាពខ្យល់ PM2.5 គឺស្ថិតក្នុងកម្រិតស្តង់ដារ តាមតំបន់បងប្អូនភៀសសឹករស់នៅតាមបណ្តាខេត្តដែលទទួលរងគ្រោះ។ ជាមួយគ្នានេះ ការពិនិត្យគុណភាពទឹក នៅតំបន់ភៀសសឹករស់នៅ ក៏បានបង្ហាញឱ្យឃើញលទ្ធផលគុណភាពទឹក ស្ថិតក្នុងកម្រិតស្តង់ដារ សម្រាប់សុខភាពសាធារណៈ និងជីវៈចម្រុះ ។ ក្រុមការងារបានបន្តយកសំណាកខ្យល់ និងសារធាតុគីមីពុល មកធ្វើការវិភាគនៅមន្ទីរពិសោធន៍បរិស្ថាន ជាបន្តផងដែរ៕



