ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាល សម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិក ទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន ស្តីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»

ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី៨ ស្តីពីមូលដ្ឋានគ្រឹះសុវត្ថិភាពនិងសុខភាពការងារសម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន សរុបចំនួន ៤០ នាក់ ដែលបានប្រព្រឹត្តិទៅ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC)។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ គ្រូបង្គោល នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ នៃនាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញ ជូនដល់សិក្ខាកាម អំពីឧបករណ៍សុវត្ថិភាពគ្រឿងម៉ាស៊ីន ដែលមានហានិភ័យខ្ពស់ ប្រព័ន្ធសុវត្ថិភាព ឡចំហាយ ការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ជាពិសេសសិក្ខាកាម បានពិនិត្យមើលជាក់ស្ដែងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់សម្ភារៈការពារបុគ្គល(PPE) ខ្សែក្រវ៉ាត់សុវត្ថិភាព មួកសុវត្ថិភាព ស្បែកជើងសុវត្ថិភាព ជាពិសេសបានពិសោធដោយផ្ទាល់អំពីការធ្លាក់ពីទីខ្ពស់ និងការប្រើខ្សែក្រវ៉ាត់សុវត្ថិភាពពេញដងខ្លួន (Full Body Harness) សម្រាប់សុវត្ថិភាពការងារទីខ្ពស់ និងអនុវត្តការពិសោធន៍អំពីការសង្គ្រោះផ្លូវដង្ហើម (CPR) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះកម្មករនិយោជិត និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ។ វគ្គបណ្តុះបណ្តាលនេះ បានផ្សាភ្ជាប់សិក្ខាកាម ជាមួយនឹងការវិវត្ត របស់ឌីជីថលភាវូបនីយកម្ម លើការបណ្ដុះបណ្ដាល ស្ដីពីសុវត្ថិភាព និង សុខភាពការងារនៅកម្ពុជាផងដែរ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) តែងតែបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសមត្ថភាព ភាគីពាក់ព័ន្ធលើ ផ្នែកសុវត្ថិភាព និងសុខភាពការងារ តាមរយៈការបណ្ដុះបណ្ដាល ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដោយរួមបញ្ជូលទាំងការសិក្សាផ្នែកទ្រឹស្ដី និងការអនុវត្តដោយផ្ទាល់ជា មួយបរិក្ខាបណ្ដុះបណ្ដាលទំនើបៗស្របតាមការវិវត្តិនៃការងារ៕

To Top