ព័ត៌មានជាតិ

កម្ពុជា ទទួលស្គាល់ថា គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ជំរុញឱ្យមានការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច

ភ្នំពេញ ៖ កម្ពុជា បានទទួលស្គាល់ ចំពោះការរួមចំណែក របស់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយសម្រាប់កម្ពុជា ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ជំរុញឱ្យមានការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ចសង្គម។

លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ លោក Shakeel Admad តំណាងកម្មវិធី អភិវឌ្ឍន៍ អង្គការសហប្រជាជាតិ(UNDP) បានធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល ដំណាក់កាលទី៤(CfRIV) នៅទីស្នាក់ការអាជ្ញាធរមីន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើទិដ្ឋភាពរួម នៃវឌ្ឍនភាព វិស័យសកម្មភាពមីន និងបញ្ហាប្រឈម ដែលនៅសេសសល់ វឌ្ឍនភាព នៃការអនុវត្តគម្រោង២០២០-២០២៥ និងការឆ្លើយតបទៅនឹង ការវាយតម្លៃបញ្ចប់គម្រោង។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះការរួមចំណែក និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះសកម្មភាពមីននៅកម្ពុជាពីដៃគូសំខាន់ក្នុងគម្រោងដំណាក់កាលទី៤ រួមមាន អូស្ត្រាលី សាធារណរដ្ឋកូរ៉េ(KOICA) នូវែលសេឡង់ លុចសំបួ UNDP និងរាជរដ្ឋាភិបាលកម្ពុជា ។ សមិទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោងដំណាក់កាលទី៤ បានបង្ហាញយ៉ាងច្បាស់ អំពីការរួមចំណែកក្នុង ការផ្តល់ដីសុវត្ថិភាព ការកាត់បន្ថយហានិភ័យ និងការផ្តល់ ឱកាសធ្វើឱ្យប្រសើរឡើង នូវជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា។

អាជ្ញាធរមីន ទទួលស្គាល់ ចំពោះការរួមចំណែករបស់ CfRIV ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ ដែលបានផ្តល់លទ្ធផល យ៉ាងសំខាន់ សម្រាប់ប្រទេសកម្ពុជា មិនត្រឹមតែបោសសម្អាតផ្ទៃដី មានមីនជាច្រើនលានម៉ែត្រការ៉េប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ គឺបានកាត់បន្ថយគ្រោះថ្នាក់ ជម្រុញឱ្យមានការអភិវឌ្ឍន៍ និង លើកកម្ពស់សេដ្ឋកិច្ចសង្គម។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាព សកម្មភាពមីនបច្ចុប្បន្ននៅកម្ពុជា និងបញ្ហាប្រឈម ដែលនៅសេសសល់ ក្នុងនោះរួមមានការ ៖ ការសិក្សាស្រាវជ្រាវទិន្នន័យមីន គ្រប់ជ្រុងជ្រោយនៅ តាមខេត្តជាប់ព្រំដែន, ការឆ្លើយតបបន្ទាន់ ទៅនឹងតំបន់ មានហានិភ័យខ្ពស់, វិធានការបន្ទាន់ទៅ នឹងភាពតានតឹង នៅជិតតំបន់ព្រំដែន, សំណើសុំពន្យាពេលបោសសម្អាតមីន លើកទី៣របស់កម្ពុជា ដែលទទួលបានការអនុម័តជាឯកច្ឆ័ន ពីរដ្ឋភាគីអនុសញ្ញាអូតាវ៉ា, ការប្តេជ្ញា របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសកម្មភាពមីន និងការរៀបចំគោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្រ្តី បានសម្តែង នូវការស្វាគមន៍ ចំពោះការវិលត្រឡប់ជាថ្មី របស់រដ្ឋាភិបាល នៃប្រទេសអ៊ីតាលី ដែលនឹងចូលរួមក្នុងគម្រោង បោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៥ ហើយឯកឧត្តមចាត់ទុកការគាំទ្ររបស់ប្រទេសអ៊ីតាលី គឺជាការបន្ថែមកម្លាំងថ្មីដើម្បីឱ្យបេសកកម្មរបស់កម្ពុជា ឆាប់ទទួលជោគជ័យតាមគោលដៅដែលបានគ្រោងទុក។

ក្នុងឱកាសនោះ លោក លី ធុជ ជំរុញលើកទឹកចិត្តឱ្យគម្រោងបន្តយកចិត្តទុកដាក់នៅលើតំបន់ដែលមានហានិភ័យខ្ពស់ និងតំបន់ដែលបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ចសង្គម ស្របតាមគោលដៅជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងគោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ក្នុងស្មារតីរួមគ្នាដើម្បីសម្រេច បាននូវចក្ខុវិស័យ «ប្រទេសកម្ពុជារួចផុតពីផលប៉ះពាល់ នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ធ្វើឱ្យជីវភាពរស់នៅប្រកបដោយចីរភាព ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ»៕

To Top