មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមឧបត្ថម្ភថវិកា និងនិងសម្ភារៈមួយចំនួនទៀត ជូនប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរកងទ័ពកម្ពុជា
កំពង់ស្ពឺ ៖ គោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា បានថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភ តាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាដែលជាខឿនការពារជាតិរបស់កម្ពុជា ក្រោមការចង្អុលបង្ហាញតម្រង់ទិសរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

នាថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយនិងប្រគល់ថវិកាចំនួននិងនិងសម្ភារៈមួយចំនួនទៀតជូនតាមរយៈឯកឧត្តម ស្រ៊ុន ស្រ៊ន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ដើម្បីយកទៅផ្ដល់ជូនបងប្អូនវីរកងទ័ពកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយ ពួកទាហានសៀមឈ្លានពាន និងជួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងគេចខ្លួនពីសង្គ្រាម មកនៅទីទួលសុវត្ថិភាព។រួមមាន៖ថវិកាចំនួន ២,០០០,០០០រៀល និងសម្ភារៈមួយចំនួនទៀតដូចជា ទឹកសុទ្ធ១០០កេស, មីចំនួន១០០កេសនិងទឹកក្រូចចំនួន ៥០កេសផងដែរ។

ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុស្នេហាជាតិ និង បង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយ នៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និង ការពារបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញឱ្យឃើញនូវកម្លាំង ដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។សកម្មភាពទាំងនេះ បានបង្ហាញនូវស្មារតី សាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយ វីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូប ដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់ អាចក្លាហានការពារដែន អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។






