លោកប៉ែន បូណា ៖ ថ្នាក់ដឹកនាំនិងយោធាថៃ តែងប្រើភាសាសង្គ្រាម ក្អេងក្អាងលើកម្ពុជា
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ថ្នាក់ដឹកនាំ ក្រុមយោធា និងជនស៊ីវិលរបស់ថៃ តែងតែប្រើភាសាសង្គ្រាម គំរាមកំហែង និងក្អេងក្អាងអត់គិតពិចារណាមកលើកម្ពុជា ដើម្បីបញ្ឆេះកំហឹងឲ្យកម្ពុជាបាញ់តបតវិញ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ែន បូណា បានថ្លែងថា កម្ពុជាស្វាគមន៍ នូវកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី ម៉ាឡេស៊ីចំពោះកិច្ចសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃដែលបង្កឡើងដោយភាគីថៃ ជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥កន្លងមកនេះ ។
លោកគូសបញ្ជាក់ថា ប៉ុន្តែគួរឲ្យសោកស្តាយចំពោះភាគីថៃ មិនព្រមអនុវត្តតាមការអំពាវនាវរបស់ប្រទេសជាអ្នកសម្របសម្រួល ហើយថែមទាំងផ្គើនដោយបន្តសកម្មភាពឈ្លានពានឥតឈប់ឈរបាញ់ប្រហារមិនរើសគោលដៅលើកម្ពុជា ។
ប្រធានអង្គភាពអ្នកនាំពាក្យបន្ថែមថា “ផ្ទុយស្រឡះពីជំហររបស់កម្ពុជា ថ្នាក់ដឹកនាំថៃទាំងស៊ីវិល និងយោធាតែងតែប្រើភាសាសង្គ្រាម គំរាមកំហែង ក្អេងក្អាងបង្កហេតុឲ្យបើកការវាយប្រហារដោយយោធាថៃទាំងកំរោល មកលើកងទ័ពនិងជនស៊ីវិលកម្ពុជាដោយមិនរើសមុខ ដើម្បីឈ្លានពានទឹកដី” ។
លោកអះអាងថា មុននឹងប្រើសិទ្ធិ ស្វ័យការពារខ្លួន ការពារជីវិតជនស្លូតត្រង់ពីការវាយប្រហាររបស់យោធាថៃ កម្ពុជាបានអត់ធ្មត់ មិនតបតរហូតដល់រយៈពេល២៤ម៉ោង ដើម្បីគោរពបទឈប់បាញ់ ។ ទាំងអស់នេះគឺជាទឡ្ហីករណ៍យ៉ាងច្បាស់ដែលបង្ហាញថា កម្ពុជាឈរនៅខាងសន្តិភាព ខណៈថៃឈរនៅខាងសង្គ្រាម ដើម្បីឈ្លានពានទឹកដីកម្ពុជា ។
លោកប្រធានបន្តថា នេះគឺជាការពិតដែលពិភពលោក បានដឹងយ៉ាងច្បាស់មិនកាឡៃបានឡើយ ចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើន របស់ភាគីថៃមកលើដែនដីកម្ពុជា ៕
