លោកស្រី ម៉ាលី សុជាតា ៖ យោធាថៃប្រើ F16 សន្ធប់ទម្លាក់គ្រាប់ នៅបន្ទាយមានជ័យ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានសម្រុកប្រើប្រាស់យន្តហោះចម្បាំង F16 បានសន្ធប់ទម្លាក់គ្រាប់ជាច្រើនគ្រាប់ នៅក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥បានថ្លែងថា នៅម៉ោង ១១និង៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកស្រីបន្តថា មកដល់ម៉ោង ១៤និង៣២នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F16 បានទម្លាក់គ្រាប់ ចំនួន២គ្រាប់ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ដោយមិនអស់ចិត្ត យោធាថៃបានប្រើប្រាស់យន្តហោះ F16 បានទម្លាក់គ្រាប់ ចំនួន១គ្រាប់ទៀត នៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោ១៤និង៤៥។
លោកស្រីបញ្ជាក់ថា “សកម្មភាពបាញ់ប្រហារ របស់យោធាថៃដើម្បីឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា នៅតែបន្តបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ កាំភ្លើងចល័តបាញ់ ចូលទៅក្នុងភូមិសាស្រ្តប្រាសាទព្រះវិហារ និងបន្តបាញ់មកខេត្តបន្ទាយមានជ័យ និងពោធិ៍សាត់” ។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា ប៉ុន្តែទោះបីជាយ៉ាងណា កងកម្លាំងកម្ពុជាបាននិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូរដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕
