ព័ត៌មានជាតិ

លោក ស ថេង ទទួលអំណោយគ្រឿងឧបភោគ បរិភោគមួយចំនួនពីសម្ដេចក្រឡាហោម ស ខេង និង លោកស្រី ញ៉ែម សាខន

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នគរបាល ខេត្ត ព្រមទាំងគណៈស្នងការ បានទទួលអំណោយគ្រឿងឧបភោគ បរិភោគមួយចំនួនពីសម្ដេចក្រឡាហោម ស ខេង និង លោកស្រី ញ៉ែម សាខន ព្រមទាំងបុត្រាបុត្រី ចៅៗ និងលោក ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ដើម្បីចែកជូនជនភៀសសឹក និងកងកម្លាំងនគរបាលដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ពិធីទទួលនេះធ្វើនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

លោកឧត្តមសេនីយ៍ទោ ស ថេង បានមានប្រសាសន៍ថា អំណោយទាំងនេះ គឺតំណាងឱ្យទឹកចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក ដែលរងផលប៉ះពាល់ និងចំពោះវីរភាពរបស់កងកម្លាំងនគរបាលការពារព្រំដែន ដែលបានលះបង់កម្លាំងកាយចិត្ត ប្រឈមនឹងគ្រប់ឧបសគ្គ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

លោកស្នងការក៏បានថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់កងកម្លាំងទាំងអស់ ឱ្យបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះជាតិមាតុភូមិ៕

អត្ថបទនេះ÷ ស្នងការនគរបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top