ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ប្រជាជនកម្ពុជា ពិតជាមិនចង់បានសង្គ្រាម និងមិនចង់ឃើញការខូចខាត វិនាសកម្ម ការបាត់បង់អាយុជិវិត និងការបែកបាក់គ្រួសារឡើយ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា សង្គ្រាម រវាងកម្ពុជា និងថៃ ដែលជិតឈាន ដល់រយៈពេល៧ខែនេះ មិនបានផ្តល់ផលប្រយោជន៍អ្វីឡើយ សម្រាប់ប្រទេសទាំងពីរ មានតែវិនាសកម្ម និងសោកនាសកម្ម ប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋកម្ពុជា ពិតជាមិនចង់បានសង្គ្រាម យើងមិនចង់ឃើញជាបន្តបន្ទាប់ ទៅលើការខូចខាត ការវិនាសកម្ម ការបាត់បង់អាយុជិវិត ការបែកបាក់គ្រួសារ ឬក៏ការព្រួយបារម្ភ ដែលត្រូវចាក់ចេញពីផ្ទះសម្បែងរបស់ខ្លួននោះទេ ។

ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ ដែលចូលរួមដើរដើម្បីសន្តិភាព ទាំងអស់គ្នាដើម្បីសន្តិភាព នៅបរិវេណវិមានឯករាជ្យ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី បានថ្លែងថា ម៉ោងនេះ ពេលនេះ ប្រជាពលរដ្ឋខ្មែរគ្រប់វ័យទាំងអស់ អាចយល់ច្បាស់ថា អ្វីទៅជាលទ្ធផលអវិជ្ជមាន ហើយនិងវិនាសកម្ម ដែលចេញមកពីសង្គ្រាមរាំរៃ ដែលក្នុងនោះម៉ោងនេះ ពេលនេះ គឺយើងនឹកឃើញទៅដល់ដួងវិញ្ញាក្ខន្ធ របស់វីរៈកងទ័ព ក៏ដូចជាប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិត នៅក្នុងពេលនេះផងដែរ ។

ក្នុងនោះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ប៉ុន្មានជិត១០ថ្ងៃ ពីថ្ងៃនេះទៅ ដល់ថ្ងៃទី២៨ ខែធ្នូ ជម្លោះព្រំដែនកម្ពុជា និងថៃ ឈានចូលដល់រយៈពេល៧ខែ ។

មានប្រសាសន៍ ក្នុង​ឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចោទជាសំនួរថា “តើសង្គ្រាមដែលបានកើតឡើងក្នុងរយៈពេល៧ខែនេះ គឺបាននាំផលចំណេញ ដល់ប្រទេសទាំងពីរ ឬក៏ប្រជាជនកម្ពុជាអ្វីខ្លះ? ក្រៅពីវិនាសកម្ម ការខូចខាត ការបាត់បង់អាយុជីវិត ការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ដែលត្រូវភៀសសឹកចេញពីផ្ទះសម្បែងរបស់ខ្លួន ។ ទាំងអស់នេះ អ្វីដែលបានកើតឡើង ហើយមុននេះ ក៏ខ្ញុំបានរៀបរាប់ក្នុងរយៈពេល១១ថ្ងៃ ជាអ្វីដែលកម្ពុជា និងព្រះរាជាណាចក្រថៃ បានជួបប្រទះដូចគ្នា” ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ក្នុងរយៈពេល៧ខែ អ្វីដែលប្រទេសទាំងពីរបានជួបប្រទះ ប្រាកដណាស់ ការឈឺចាប់ ភាពសោកសៅ ទទ្ទឹមនឹងនេះ បង្កើតបាននូវកំហឹងមួយ សម្រាប់ក្នុងលក្ខណៈជាទស្សនជាតិ និងជាតិ ។

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា អស់រយៈពេល៧ខែហើយ គួរតែចោទសួរថា តើកំហឹងអាចនាំមកនូវការរួបរួមផ្សះផ្សារ និងសុខសន្តិភាពបានទេ?

លោក ហ៊ុន ម៉ានី ក៏បានបញ្ជក់ថា ដើម្បីសន្តិភាព ដើម្បីទីនេះ ពេលនេះ បង្ហាញទៅលើឆាកអន្តរជាតិ មិត្តភក្តិអន្តរជាតិ ក្នុងនោះក៏មានប្រជាជនថៃផងដែរថា ប្រជាជនកម្ពុជា ពិតជាមិនចង់បានសង្គ្រាម យើងមិនចង់ឃើញជាបន្តបន្ទាប់ ទៅលើការខូចខាត ការវិនាសកម្ម ការបាត់បង់អាយុជិវិត ការបែកបាក់គ្រួសារ ឬក៏ការព្រួយបារម្ភ ដែលត្រូវចាក់ចេញពីផ្ទះសម្បែងរបស់ខ្លួននោះទេ ផ្ទុយទៅវិញអ្វីដែលយើងចង់បាន គឺសុខសន្តិភាព ការផ្សះផ្សារ ហើយធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ ដែលបានចាកចេញពីផ្ទះសម្បែងរបស់ខ្លួន អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួន ហើយកូនក្មួយ ដែលត្រូវការការរៀនសូត្រ ក៏អាចត្រឡប់ទៅការរៀនសូត្រូដូចគ្នាដែរ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top