លោក ខូយ រីដា ៖ គម្រោងតម្លើងអំពូលសូឡាបំភ្លឺផ្លូវសាធារណះក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ពិតជាមានសារះសំខាន់ណាស់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ធានាបាននូវសន្តិសុខជូនពលរដ្ឋធ្វើដំណើរនៅពេលយប់
ខេត្តពោធិ៍សាត់ ៖លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា គម្រោងដំឡើងអំពូលសូឡាបំភ្លឺផ្លូវសាធារណៈ ក្នុងភូមិសាស្ដ្រខេត្ត ពិតជាមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយធានាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ នាពេលយប់ក្នុងពេលធ្វើដំណើរ។

ការលើកឡើងរបស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាឱកាសអញ្ជើញចុះត្រួតពិនិត្យ កន្លែងក្រុមការងារធ្វើការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណក្នុងសាលាខេត្ត។

លោក ខូយ រីដា បានបញ្ជាក់ថា គម្រោងដាក់ដំឡើងបង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យ ប្រភេទអំពូល Solar LED ដំណាក់កាលទី១ ពីចំណុចនិមិត្តសញ្ញារដ្ឋបាលខេត្ត រូបលោកឧកញ៉ាឃ្លាំងមឿងជិះសេះ ខាងកើតផ្តិល តាមផ្លូវជាតិលេខ៥ រហូតដល់ទីរួមស្រុកក្រគរ ត្រូវបានដំឡើងរួចរាល់ ហើយសម្រាប់ការតម្លើងបង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យ ប្រភេទអំពូល Solar LED ដំណាក់កាលទី២ ពីក្រុងពោធិ៍សាត់ឆ្ពោះទៅកាន់ទីរួមស្រុកបាកាន និងដំណាក់កាលទី៣ ពីទីរួមស្រុកក្រគរទៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង បាននិងកំពុងដំណើរការដាក់ ដែលដឹកនាំដោយលោក ធាង ផេង នាយករងរដ្ឋបាលសាលាខេត្ត។

លោក អភិបាលខេត្ត បានចាត់ទុកថា «គម្រោងដ៏ធំនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួល ក្នុងការធ្វើដំណើរ ជូនបងប្អូនប្រជាពលរដ្ឋ នាពេលយប់»។

លោក ខូយ រីដា អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួម និងបន្តគាំទ្រថវិកាជាបន្តបន្ទាប់ សម្រាប់កិច្ចការងារផ្សារតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវ ជាពិសេសសូមថ្លែងអរគុណដល់ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលបានឧបត្ថម្ភអំពូល Solar LEDទាំងស្រុង តាមការស្នើសុំរបស់រដ្ឋបាលខេត្តផងដែរ។

លោក អភិបាលខេត្ត បានប្តេជ្ញាចិត្តនឹងដាក់ដំឡើងបង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យ ប្រភេទអំពូល Solar LED នៅលើកំណាត់ផ្លូវជាតិលេខ៥ ប្រវែងប្រមាណ៩០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ខេត្តបាត់ដំបង ឲ្យបានរួចរាល់ទាំងស្រុង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ខាងមុខនេះ៕


ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់| ដោយ÷ធឿន/ដើមអម្ពិល
