ព័ត៌មានជាតិ

អតីតពលករ និងពលករខ្មែរ កំពុងធ្វើការនៅកូរ៉េ បានលើកឡើងពីការគាំពារ និងយកចិត្តទុកដាក់ ពីសំណាក់មន្ត្រីក្រសួងការងារ

ភ្នំពេញ ៖ អតីតពលករ និងពលករខ្មែរ កំពុងធ្វើការងារ នៅប្រទេសកូរ៉េខាងត្បូង បានលើកឡើងពីការគាំពារ និងយកចិត្តទុកដាក់ ពីសំណាក់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឱ្យពួកគាត់មានភាពកក់ក្ដៅ។

បន្ទាប់ពីបញ្ចប់ការ ចូលរួមក្នុងទិវាអន្តរជាតិ សម្រាប់ពលករទេសន្តរប្រវេសន៍ ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែធ្នូនេះ លោក ភាព ផា ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ បានប្រាប់ថា លោក បានចេញទៅធ្វើជាពលករ នៅប្រទេសកូរ៉េខាងត្បូង រយៈពេលជិត ៤ឆ្នាំកន្លះ ខាងផ្នែកសំណង់ ដោយសល់ថវិកា គួរសម ពេលត្រឡប់ មកដល់ប្រទេសកម្ពុជា លោកក៏បានបើកអាជីវកម្មដំឡើង ស៊ីទែនប្រេងផ្គត់ផ្គង់ នៅតាមការដ្ឋានសំណង់ និងការដ្ឋានរណ្ដៅដី។

លោក បានរំលឹកថា អំឡុងពេលធ្វើការនៅកូរ៉េខាងត្បូងនោះ គឺមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគិតគូរអំពីសុវត្ថិភាព និងយកចិត្តទុកដាក់ជាខ្លាំងអំពីសុខទុក្ខរបស់លោក ក៏ដូចជាពលករផ្សេងទៀត។

លោក ភាព ផា ប្រាប់បែបនេះថា «ខ្ញុំមានអារម្មណ៍ថា កក់ក្ដៅ ដោយសារតែដំបូងឡើយ ពេលដែលចេញទៅកូរ៉េ មិនថាខ្ញុំ ឬក៏ពលករផ្សេងៗទេ តែងមានអារម្មណ៍ថា ឃ្លានឆ្ងាយពីផ្ទះ ពិបាកក្នុងការរស់នៅ ដល់តែពេលមានខាងក្រសួង គាត់យកចិត្ដទុកដាក់ហ្នឹង មានអារម្មណ៍ថា កក់ក្ដៅ លែងភ័យ លែងខ្លាច មួយថ្ងៃៗ គិតតែពីខំធ្វើការ»។

អតីតពលករនៅកូរ៉េមួយរូបទៀត គឺអ្នកស្រី អ៊ូ សុខលាង មានស្រុកកំណើត នៅខេត្តកំពង់ចាម ដោយធ្លាប់ធ្វើការ នៅប្រទេសកូរ៉េរយៈពេល ៩ឆ្នាំ ខាងផ្នែកកសិកម្ម ។ បច្ចុប្បន្ន អ្នកស្រី បើកមុខរបរលក់សម្ភារសំណង់ បន្ទាប់ពីបានសន្សំ ថវិកា មួយចំនួន អំឡុងពេលធ្វើការងារនៅប្រទេសកូរ៉េ ។ អ្នកស្រី រំលឹកថា អំឡុងពេលធ្វើការងារ នៅប្រទេសកូរ៉េ អ្នកស្រី ទទួលបានការគាំពារ និងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជានិយោជក នៅទីនោះ ។
អ្នកស្រី បានលើកឡើងថា «កុំតែបានក្រសួងបញ្ជូនទៅ កុំអីជីវិតអត់ដូចឥឡូវទេ…ជីវភាពគ្រាន់បើជាងពីមុនឆ្ងាយណាស់»។

ចំណែកឯលោក គឹម ទឹង មានស្រុកកំណើត នៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្ន លោកជាពលករ កំពុងធ្វើការងារ នៅប្រទេសកូរ៉េក្នុងអាណត្តិទី២ ។ លោកប្រាប់ថា មន្ត្រីក្រសួងការងារ បានយកចិត្តទុកដាក់ចំពោះរូបលោក ក៏ដូចជាបងប្អូនពលករផ្សេងទៀត ទាក់ទងការចែករំលែកនូវព័ត៌មានពាក់ព័ន្ធ ក៏ដូចជាជួយសម្របសម្រួល និងដោះស្រាយបញ្ហានានា ជាដើម ។

ពលកររូបនេះ បានបន្ថែមថា «ខ្ញុំបាទ សូមថ្លែងអំណរគុណ ដល់ក្រសួងការងារ ដែលពួកគាត់តែងតែជួយសម្របសម្រួល គ្រប់ការងារ គ្រប់ស្ថានភាពទាំងអស់ ជួយជំរុញ ជួយដោះស្រាយបញ្ហា ឱ្យបងប្អូនខ្មែរយើងជាច្រើន»។

អតីតពលករ និងពលករខ្មែរកំពុងធ្វើការងារ នៅប្រទេសកូរ៉េទាំង ៣រូបនេះ សុទ្ធតែបានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយសម្របសម្រួល ជាមួយបណ្ដាប្រទេសដៃគូ ដើម្បីអាចឱ្យពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត បានធ្វើការងារ នៅក្រៅប្រទេស ដែលជាប្រភពចំណូលមួយ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងសន្សំទុកសម្រាប់បើកអាជីវកម្មណាមួយ៕

To Top