ព័ត៌មានជាតិ

OHCHR បារម្ភថៃប្រើF-16 ទម្លាក់គ្រាប់ជុំវិញ តំបន់ប្រជាជនស៊ីវិលខ្មែរ បណ្តាលឲ្យស្លាប់ និងរបួសច្រើននាក់

ភ្នំពេញ ៖ ឧត្តមស្នង ការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោក Volker Turk បានបង្ហាញ ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរីករាលដាល នៃជម្លោះកម្ពុជា-ថៃ និងការវាយប្រហារ ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ដ្រូន និងអាវុធធុនធ្ងន់ នៅក្នុងនិងជុំវិញ តំបន់មានប្រជាជន ស៊ីវិលរស់នៅ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃ១៨ ធ្នូ បានឲ្យដឹងថា OHCHR បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ។ ដោយលោក Volker Turk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួលរបាយការណ៍ ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារ ដោយប្រើប្រាស់ យន្តហោះចម្បាំង F-16 ដ្រូន និងអាវុធធុនធ្ងន់ នៅក្នុងនិងជុំវិញតំបន់ មានប្រជាជនស៊ីវិលរស់នៅ រួមមាន ៖ ភូមិជាច្រើន និង តំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាល ឱ្យមានប្រជាជនស៊ីវិលស្លាប់ បាត់បង់ជីវិត ។

លោករម្លឹកថា យោងតាមច្បាប់មនុស្សធម៌អន្តរជាតិ ការការពារប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការចាំបាច់បំផុត ព្រមទាំងបានអំពាវនាវឱ្យមានការជម្លៀសប្រជាជនស៊ីវិលចម្រុះជាតិសាសន៍ជាប់នៅក្នុងអគារ និងតំបន់កាស៊ីណូ ដែលរងការវាយប្រហារ ។ ទន្ទឹមនេះ លោកបញ្ជាក់ថា រាល់ការវាយប្រហារត្រូវគោរព តាមគោលការណ៍ជាមូលដ្ឋាន ដូចមានចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ដូចជាត្រូវមានការបែងចែក គោលដៅភាពចាំបាច់ និងសមាមាត្រ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារប្រជាជនស៊ីវិល ។

លោក Volker Türk បានអំពាវនាវឱ្យភាគីទាំងសងខាង បញ្ឈប់ការវាយប្រហារជាបន្ទាន់ និង វិលត្រឡប់មក រកកិច្ចសន្ទនាវិញ ស្របតាមកិច្ចព្រមព្រៀង សន្តិភាពទីក្រុងគូឡាឡាំពួ។ លោកបន្ថែមថា ក្រុមការងាររបស់លោកត្រៀម ខ្លួនរួចរាល់ក្នុងការជួយកសាងទំនុកចិត្ត និងធានាថាការការពារ ជីវិតនិងសុខុមាលភាព របស់ប្រជាជនស៊ីវិល គឺជាអាទិភាព ៕

To Top