ព័ត៌មានជាតិ

ប្រធានក្រុមការងារចលនាអ្នកបើកបរ បាននាំយកអង្ករ ០៥តោន ជូនរដ្ឋបាលខេត្ត ដើម្បីចែកជូនដល់វរៈកងទ័ព និងបងប្អូនភៀសសឹក

បាត់ដំបង៖​ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ លោក​ ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចលនាអ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប កម្មករ កង់បីសន្តិភាព បាននាំយកអង្ករចំនួន០៥តោន ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីចែកជូនដល់វរៈកងទ័ពការពារព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

លោក ព្រួញ រិទ្ធថា ក្នុងនាមប្រធានក្រុមការងារចលនាអ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប កម្មករ កង់បីសន្តិភាព ក្នុងឱកាសដឹកនាំក្រុមការងារនាំយកអង្ករចំនួន០៥តោនជូនដល់រដ្ឋបាលខេត្តបាត់ដំបង នៅពេលនេះគឺដើម្បីយកទៅចែកជូនដល់វរៈកងទ័ពការពារព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលសកម្មភាពមួយនេះគឺចង់បង្ហាញអំពីទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ។

នាឱកាសនោះដែរ លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ទាំងអស់នេះគឺជាទឹកចិត្តនិងកាយវិការប្រកបដោយមនុស្សធម៌ និងទំនួលខុសត្រូវរួមរបស់យើងទាំងអស់គ្នាក្នុងការថែរក្សាសន្តិភាព សុវត្ថិភាព ប្រជាជាតិខ្មែរទាំងមូល ក្នុងស្មារតីស្នេហាជាតិ និងសូមជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសហការីទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនះគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ ៖ សុខ វិច្ឆ័យ / បាត់ដំបង / ដើមអម្ពិល | រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង

To Top